(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៥ ខែតុលានេះ បានប្រមានទណ្ឌិត សម រង្ស៊ី មេចលនាក្រុមប្រឆាំងដែលកំពុងរស់នៅនីរទេសថា កុំសង្ឃឹមទទួលបានការស្នើលើកលែងទោសពីសម្តេចម្តងទៀតឱ្យសោះ។ រឿងនេះសម្តេចធ្លាប់បានសន្យាហើយថា បើសម្តេចចុះហត្ថលេខាស្នើលើកលែងទោសឱ្យទណ្ឌិត សម រង្ស៊ី ទៀតនោះ សម្តេចនឹងកាត់ដៃស្តាំខ្លួនឯងតែម្តង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «កុំសង្ឃឹមថា ហ៊ុន សែន ចុះហត្ថលេខាលើកលែងទោសឱ្យអ្នកឯង ខ្ញុំបាននិយាយហើយ បើខ្ញុំលើកលែងទោសឱ្យអ្នកឯងម្តងទៀត ខ្ញុំនឹងកាត់ដៃស្តាំខ្ញុំក្រវាត់ចោល អ្នកឯងគ្មានការលើកលែងទោស ជាលើកទី៣នោះទេ»។
ការបញ្ជាក់ជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងវេទិកាសាធារណៈមួយ នាឱកាសដែលសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន នៅវិទ្យាស្ថានជាតិអប់រំ។ ការព្រមាននេះ ក៏ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសម្តេចត្រឡប់ពីចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ ដែលជាទីកន្លែងលោក សម រង្ស៊ី គ្រោងរៀបចំបាតុកម្មប្រឆាំងនឹងវត្តមានរបស់សម្តេចនៅទីក្រុងញូវយ៉ក ប៉ុន្តែផែនការនេះត្រូវបានលុបចោលវិញដោយមិនបញ្ជាក់មូលហេតុ។
ទណ្ឌិត សម រង្ស៊ី ដែលរត់គេចទៅក្រៅប្រទេសជាង៣ឆ្នាំ កំពុងរងនូវការផ្តន្ទាទោស និងបណ្តឹងជាច្រើនករណី ពាក់ព័ន្ធនឹងបទល្មើសដែលលោក បានប្រព្រឹត្តកន្លងទៅ ក្នុងនោះមានទាំងបទញុះញង់ បទបរិយាកេរ្តិ៍ បទប្រមាថអង្គព្រះមហាក្សត្រ ប៉ះពាល់ដល់កងទ័ព បទល្មើសក្បត់ជាតិកាត់ទឹកដីជាដើម។ លោកត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំ ពាក់ព័ន្ធនឹងការសមគំនិតក្លែងឯកសារព្រំដែនកម្ពុជា-វៀតណាម និងដាក់ពន្ធនាគារ២ឆ្នាំ ជុំវិញការចោទប្រកាន់លើ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កន្លងមក។ បទល្មើសទាំងនេះបានធ្វើឱ្យ លោក សម រង្ស៊ី ដែលជាមនុស្សខ្លាចជាប់ពន្ធនាគារ មិនហ៊ានត្រឡប់មកកម្ពុជា ដើម្បីទទួលទោសវិញឡើយ។
ក្នុងពេលដែលទណ្ឌិត សម រង្ស៊ី កំពុងជាប់សំណាញ់ច្បាប់នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចំអកឱ្យភាពកំសាករបស់លោក សម រង្ស៊ី ដែលមិនហ៊ានត្រឡប់មកម្ពុជាថែមទៀត។ សម្តេចបានថ្លែងថា៖ «អ្នកឯងអាចធ្វើតាមចិត្តចង់ យកល្អអ្នកឯងបង្កើតរដ្ឋាភិបាលនីរទេសចុះ ខ្ញុំផ្តល់យោបល់ឱ្យអ្នកឯង បង្កើតចុះ! បើអ្នកឯងចង់ធ្វើ ប៉ុន្តែអ្នកឯងត្រូវយល់ថា ទង្វើអ្នកឯងគ្រាន់តែបន្ថែមទម្ងន់ទោសចំពោះអ្នកឯងតែប៉ុណ្ណោះ»។
សម្តេចបានបកអាក្រាតលោក សម រង្ស៊ី ទៀតថា មេដឹកនាំក្រុមប្រឆាំងរូបនេះ តែងផ្សព្វផ្សាយនូវនយោបាយលាបពណ៌ បំបែកបំបាក់ជាតិ ធ្វើឱ្យបាត់បង់គុណធម៌ និងសីលធម៌នៅក្នុងសង្គមកម្ពុជា។ ជាក់ស្តែងនាពេលកន្លងមក មេក្រុមប្រឆាំងនេះ បានលាបពណ៌សម្តេចថាជាជនក្បត់ជាតិ។
សម្តេចបានបញ្ជាក់ថា៖ «ខ្មែរយើងបែកបាក់ដោយសារលាបពណ៌គ្នា ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្រ្តីម្នាក់ ទៅជេរខ្ញុំថា "អាក្បត់ជាតិ"។ តើនោះជាវប្បធម៌ដែលអ្នកឯងត្រូវទទួលទេ តើខ្ញុំអាចអត់ឱនឱ្យអ្នកឯងបានទេ បើអ្នកឯងបន្តនយោបាយបែបនេះ»។
សម្តេចតេជោ ចាត់ទុកលោក សម រង្ស៊ី ជាមនុស្សគ្រោះថ្នាក់សម្រាប់ជាតិដោយរំលឹកថា ក្រោយទទួលបានការលើកលែងទោសឱ្យចូលប្រទេសប្រកួតប្រជែងក្នុងការបោះឆ្នោតអាណត្តិមុននោះ មេដឹកនាំក្រុមប្រឆាំងនេះបែរជាមិនទទួលយកលទ្ធផល ហើយធ្វើបាតុកម្មជាបន្តបន្ទាប់ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេចថ្លែងថា បាតុកម្មនោះមិនត្រឹមតែតវ៉ានឹងលទ្ធផលបោះឆ្នោតប៉ុណ្ណោះទេ ថែមទៀតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ថែមទៀត ហើយបំណងរបស់ពួកគេមិនទាន់បញ្ចប់ឡើយ ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចអះអាងថាសម្តេចមិនឱ្យបំណងពួកគេបានសម្រេចឡើយ។
សម្តេចបានថ្លែងថា៖ «ខ្ញុំបាននិយាយហើយ តម្លៃណាក៏ដោយ ត្រូវការពារប្រជាជនខ្មែរឱ្យបាន កុំឱ្យធ្លាក់ក្នុងសង្គ្រាមឡើងវិញ»។
សម្តេចបានអះអាងថា ពេលនេះប្រទេសកម្ពុជា កំពុងមានសុខសន្តិភាព ជាមួយនឹងដំណើរការប្រជាធិបតេយ្យពេញលេញ ដោយសារតែមានប្រជាជនជាង៨៣ភាគរយ ចូលរួមការបោះឆ្នោត ហើយបានធ្វើឱ្យអ្នកឃោសនាដេកផ្ទះឈ្នះឯងបរាជ័យ ដែលនេះបង្ហាញថា ប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសរើសអ្នកដែលត្រូវរក្សាសន្តិភាព និងការអភិវឌ្ឍបន្ត។
សម្តេចចង់ឱ្យអ្នកនយោបាយទាំងអស់ រៀបចំគុណធម៌ សីលធម៌ របស់មនុស្សគ្រប់រូប មិនថាក្មេងចាស់ប្រុសស្រី ឬក៏អ្នកនយោបាយទេ។ គណបក្សនយោបាយនីមួយៗ ត្រូវអប់រំសមាជិករបស់ខ្លួនឱ្យមានសីលធម៌ ហើយត្រូវរំលឹកថា ការជេរបញ្ចោរ លាបពណ៌ គឺជាវប្បធម៌ដែលធ្វើឱ្យខ្មែរបែកបាក់ពីជំនាន់មួយមកកាន់ជំនាន់មួយ មិនចេះចប់មិនចេះហើយ៕