(បន្ទាយមានជ័យ)៖ ក្រោយពីមន្ត្រីជំនាញរកឃើញមានបង្អែមបាញ់ឌុក និងលូតស្វិតដែលត្រូវបានអ្នកផលិតលាយផ្សំជាមួយសាធាតុគីមីបូរ៉ាក់ ធ្វើឲ្យមនុស្សទទួលទានដែលប្រឈមការប៉ះពាល់ សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ អាចហៅថា «ឃាតកឈាមត្រជាក់»។
នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តដឹកនាំដោយលោក សាន វិជ្ជាសារ៉ាវុធ សហការមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះតាមបណ្តាផ្សារនៅក្នុងទីរួមក្រុងសិរីសោភ័ណ ដើម្បីត្រួតពិនិត្យរាល់ផលិតផលម្ហូបអាហារ និងផលិតវេចខ្ចប់។
ក្នុងប្រតិបត្តិការនោះលោក សាន វិជ្ជាសារ៉ាវុធ បានថ្លែងថា ដោយទទួលបានការណែនាំពីអគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានឲ្យសាខាកាំកុងត្រូលទាំងអស់ទូទាំងប្រទេស អនុវត្តតាមផែនការ សកម្មភាពរបស់ខ្លួន ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋ ជាអ្នកទទួលទាន ជាពិសេសក្នុងរដូវបុណ្យភ្ជុំបិណ្ឌនោះ លោក រួមទាំងមន្ត្រីកាំកុងត្រូលខេត្ត តែងសហការជាមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យជាប់ជាប្រចាំនូវការតាំងលក់ផលិតផលម្ហូបអាហារ ដែលសង្ស័យថាហួសសុពលភាពប្រើប្រាស់និងប្រើប្រាស់គីមីហាមឃាត់របស់អាជីករ។
លោកប្រធាន បានសង្គត់ធ្ងន់ថា នាពេលឱកាសបុណ្យទានម្តង តែងតែមានជនខិលខូចមួយចំនួនបានលួចបន្លំដាក់តាំងលក់ ស្របពេលពលរដ្ឋទិញចូលទៅស្រុកកំណើត ប្រកេនព្រះសង្ឃតាមបណ្តាវត្ត ដូច្នេះហើយមន្ត្រីជំនាញនៅបន្តសកម្មភាពត្រួតពិនិត្យ។
លោកបន្ថែម ឱកាសបុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតចូលមកដល់ មន្ត្រីកាំកុងត្រូលខេត្តបន្ទាយមានជ័យកាន់តែបន្តដុតដៃដុតជើងក្នុងការចុះត្រួតពិនិត្យ និងរិតបន្តឹងគុណភាពម្ហូបអាហារដើម្បីធានាដល់សុវត្ថិភាព សុខភាពប្រជាពលរដ្ឋអ្នកទទួលទាន។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្ត បានធ្វើការអប់រំ ក៏ដូចជាណែនាំដល់អាជីវករ មុននឹងយកទំនិញមកលក់ ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពអោយច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់។
លោកបានបញ្ជាក់ថា ទោះបីជាយ៉ាងណាក៏មន្ត្រីជំនាញយើងបន្តប្រមាញរកបាញ់ឌុក លូតស្វិត ជាប្រភពចេញមកពីណា ទីតាំងផលិតមកពីណាអោយច្បាស់លាស់ ដើម្បីបង្ក្រាបអោយបានទាន់ពេលវេលា និងចាត់ការតាមនិតិវិធីច្បាប់ជាធរមាន៕