(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជូនចោរឆក់វ័យក្មេង០២នាក់ និងចោរលួចគាស់ផ្ទះប្រជាពលរដ្ឋ០២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ជនសង្ស័យទាំង០៤នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ និងខណ្ឌពោធិ៍សែនជ័យ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានក្នុងថ្ងៃតែមួយ។
កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ មានករណីឆក់០១លើក បង្កឡើងដោយជនសង្ស័យ០២នាក់មាន ឈ្មោះ វឿន សុខា អាយុ១៦ឆ្នាំ និងឈ្មោះ ជឿន រស្មី ហៅម៉ី អាយុ១៦ឆ្នាំ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ០១គ្រឿងម៉ាក Oppo A83 ពណ៍ទឹកមាស ជារបស់ជនរងគ្រោះឈ្មោះ សឿន ចិន្តា ភេទស្រី អាយុ២៩ឆ្នាំ ដែលកំពុងធ្វើដំណើរ តាមបណ្តោយផ្លូវ១៥១ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដោយបានដាក់ទូរស័ព្ទរបស់ខ្លួនក្នុងថតម៉ូតូខាងឆ្វេង លុះពេលជិះដល់ចំណុចក្បែរគល់ស្ពាន ឡុង ឈិន ស្រាប់តែមានយុវជន០២នាក់ ជាជនសង្ស័យបានជិះម៉ូតូ០១គ្រឿងម៉ាក ស្មាសវី ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1CJ-2273 ជិះតាមទៅក្បែរម៉ូតូជនរងគ្រោះ ហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះ បានសម្រេចតែពេលនោះជនរងគ្រោះ បានស្រែកឆោរឡោ លឺដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌព្រែកព្នៅ ដែលកំពុងល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួន បានប្រដេញស្ទាក់រហូតដល់ចំណុចគល់ស្ពាន ឡុង ឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់នេះ តែម្តង។
តាមការសាកសួរ ក្រោមវិធានការជំនាញ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង០២នាក់ បានសារភាពថា ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពិតប្រាកដមែន ក្នុងគោលបំណងស្វែងរកឆក់របស់មានតម្លៃពីអ្នកដំណើរលើដងផ្លូវ លុះពេលជិះដល់ចំណុច ផ្លូវបត់លើផ្លូវបេតុង ឡុង ឈិន ពួកខ្លួនក៏ឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាក Click ដោយមានដាក់ទូរស័ព្ទដៃក្នុងថតម៉ូតូខាងឆ្វេង ភ្លាមនោះពួកខ្លួនបានជិះម៉ូតូទៅក្បែរម៉ូតូរបស់ជនរងគ្រោះ ហើយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះតែម្តង។
រីឯករណីលួចគាស់ផ្ទះប្រជាពលរដ្ឋ កើតឡើងកាលពីវេលាម៉ោង០៣៖០០នាទី ក្នុងថ្ងៃតែមួយដូចករណីឆក់ខាងលើដែរ នៅចំណុចផ្ទះលេខ១៣៥C ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យ០២នាក់មាន ឈ្មោះ យង់ ចិត្រា អាយុ២៩ឆ្នាំ និងឈ្មោះ យឺន រ៉ាដូ អាយុ២៦ឆ្នាំ ដែលបានធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះ ជៃ ពិសិដ្ឋ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាបុគ្គលិក ធនាគារប្រៃសណីស៍ និងបានលួចយកទ្រព្យសម្បត្តិមួយចំនួនមាន៖ ការបូបតូច០៤, ប្រាក់ដុល្លារ៤១៨ដុល្លារ និងប្រាក់រៀល៥៦,៤៤០០រៀល, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, ប័ណ្ណបើកបរ០១, កាតATMធនាគារអេស៊ីលីដា០១។
ក្រោយពេលធ្វើសកម្មភាពលួចរួច ពួកគេទាំង០២នាក់ បានជិះម៉ូតូ០១គ្រឿង ម៉ាក Let ពណ៌សលាយក្រហម ស្លាកលេខភ្នំពេញ1GR-6750 បម្រុងរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះឃើញ បានស្រែកឆោរឡោលឺដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដែលកំពុងល្បាតតាមភូមិសាស្រ្តរបស់ខ្លួនឃើញ បានប្រដេញតាមភ្លាមៗ រហូតដល់ជនសង្ស័យទាំង០២នាក់នេះ មិនអាចគេចទៅណារួច ក៏ធ្វើការឃាត់ខ្លួនបានតែម្តង។ ចំណែកឯសម្ភារដែលពួកគេលួចបាន ត្រូវសមត្ថកិច្ចអាវុធហត្ថប្រគល់ជូនម្ចាស់ដើមវិញទាំងអស់។
តាមការសាកសួររបស់សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង០២នាក់ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យថា នៅថ្ងៃកើតហេតុពួកគេដើររកមើលផ្ទះរបស់ប្រជាពលរដ្ឋ ដែលគ្មានមនុស្សនៅដើម្បីលួចគាស់យកទ្រព្យសម្បត្តិ មានតម្លៃ លុះពេលជិះដល់ចំណុចភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ក៏ឃើញផ្ទះរបស់ជនរងគ្រោះខាងលើ ចាក់សោរគ្មានអ្នកនៅ ដោយឃើញឱកាសល្អ ពួកគេទាំង០២នាក់ បានធ្វើសកម្មភាពលួចឆ្កឹះសោរទ្វារផ្ទះនោះ ហើយបានចូលលួចយកទ្រព្យសម្បត្តិមួយចំនួនដូចការរៀបរាប់ខាងលើ។
ក្រោយពេលធ្វើសកម្មភាពលួចរួច ពួកគេទាំង០២នាក់ បានជិះម៉ូតូរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះ ឃើញស្រែកឆោរឡោ លឺដល់សមត្ថកិច្ចអាវុធហត្ថបានប្រដេញពួកគេ រហូតដល់មុខព្រលានយន្តហោះពោធិ៍ចិនតុង ផ្លូវសហព័ន្ធរុស្សី ហើយបានឃាត់ពួកគេទាំង ០២នាក់តែម្តង។ ឈ្មោះ យង់ ចិត្រា បានបញ្ជាក់បន្ថែមថា កន្លងមករូបខ្លួនធ្លាប់ធ្វើសកម្មភាពលួចគាស់ផ្ទះមួយកន្លែង នៅចំណុចភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយធ្លាប់ប្រើប្រាស់គ្រឿងញៀនជាច្រើនលើកផងដែរ៕