(កំពង់ស្ពឺ)៖ ការរស់នៅក្រោមដំបូលសុភមង្គល ប្រទេសជាតិអភិវឌ្ឍន៍រីកចម្រើន គឺកើតឡើងពីអ្នកដឹកនាំប្រទេសជាតិ មានគតិបណ្ឌិតឈ្លាសវៃ ក្នុងការដឹកនាំដោះស្រាយប្រកបដោយសុភវិនិច្ឆ័យ និងចក្ខុវិស័យវែងឆ្ងាយ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព អភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងត្រូវទទួលស្គាល់ដោយមតិជាតិ អន្តរជាតិថា កម្ពុជាគឺជាប្រទេសនីតិរដ្ឋ គោរពសិទ្ធិមនុស្ស ពេញលេញជារដ្ឋឯករាជ្យ ដែលមានទាំងស្ថេរភាពនយោបាយ និងសុខដុមរមណីយកម្ម ព្រមទាំងមានទំនាក់ទំនងសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង និងបណ្តាប្រទេសក្នុងតំបន់ និងឆាកអន្តរជាតិ។
ការលើកឡើងនេះធ្វើឡើងក្នុងពេលលោក តុង សេង តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ អមអំណើរដោយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមជាមួយមន្ត្រីរាជការសាលាខេត្ត និងកងកម្លាំងទាំង៣សរុបជាង៣៥០នាក់ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ដែលប្រារព្ធនៅសាលប្រជុំបណ្ណាល័យខេត្តកំពង់ស្ពឺ។
នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោក តុង សេង បានអំពាវនាវដល់មន្ត្រីរាជការ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ សូមឲ្យបងប្អូនមានសុខសុវត្ថិភាព ដោយយើងទាំងអស់គ្នាចូលរួមគោរពច្បាប់ ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមកាត់បន្ថយបានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាឲ្យកម្រិតទាបបំផុត។
លោក វ៉ី សំណាង បានលើកឡើងថា «មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋទាំងអស់រស់នៅប្រកបដោយសុខសុវត្តិភាពក្រោមជម្រកតែមួយ ហើយទទួលបានសិទ្ធិសេរីភាពពេញលេញ ទៅតាមព្រះពុទ្ធសាសនា នាពេលភ្ជុំបិណ្ឌប្រពៃណីជាតិ។ យើងសង្កេតឃើញថា ក្នុងការបោះឆ្នោតនាអណត្តិនេះ គឺបងប្អូនមានការសប្បាយរីករាយ រកទទួលទានដោយសន្តិសុខខ្ពស់ នេះដោយសារតែរាជរដ្ឋាភិបាល បានកំចាត់ចោលជនអគតិមួយចំនួន ដែលតែងតែបង្កការភ័យខ្លាចដល់ពលរដ្ឋញុះញង់ បាតុកម្ម ដែលធ្វើឲ្យបាត់សណ្នាប់ធ្នាប់សង្គម ខាតបង់ពេលវេលារកទទួលទាន និងជះឥទ្ធិពលយ៉ាងខ្លាំងសេដ្ឋកិច្ចជាតិ»។
ក្នុងឱកាសសំណេះសំណាលនោះដែរលោក តុង សេង បានជូនដល់មន្ត្រីរាជការ កំលាំងទាំង៣ សរុបជាង៣៥០នាក់ ក្នុងម្នាក់ៗទទួលបាននំ០១ធុង និងឆ័ត្រម្នាក់មួយ៕