(ក្រចេះ)៖ ដោយមានការយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋ ផ្តោតសំខាន់ទៅលើការបរិភោគម្ហូបអាហារ ក៏ដូចជាគ្រឿងភេសជ្ជផ្សេងៗនោះ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នេះ សាសាខាកាំកុងត្រូលខេត្តក្រចេះ ដឹកនាំដោយលោក យាង បាក់ អនុប្រធានសាខាកាំងកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យតូបលក់ទំនិញនានាៗ នៅក្នុងផ្សារស្នួលស្ថិតក្នុងឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
លោក យាង បាក់ បានឲ្យដឹងថា ក្នុងការត្រួតពុនិត្យក្នុងឱកាសនោះ គឺក្រុមការងារ បានយកចិត្តទុកដាក់ផ្តោតសំខាន់ ទៅលើគ្រឿងវិចខ្ចប់ ដាក់ក្នុងស្លាដក សម្រាប់ប្រគេនព្រះសង្ឃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងគ្រឿងភេសជ្ជនានាមួយចំនួនទៀត ដូចជា គ្រឿងកំប៉ុង និងបានធ្វើតេស្តទៅលើសណ្ដែកបណ្ដុះ ត្រសក់ចាវ ស្ករត្នោត និងត្រសក់ជ្រក់។
លោកបន្តទៀតថា ជាលទ្ធផលបានរកឃើញ និងដកហូតទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖ ទឹកដោះគោខាប់ចំនួន៣កំប៉ុងស្នើនឹង១,១៤kg នំក្មេងហួសកាលបរិច្ឆេទ ចំនួន១កញ្ចប់ធំ ស្នើនឹង០,៧២kg និងត្រសក់ចាវមានសារធាតុហាមឃាត់ សូយូមអីទ្រូស៊ុលហ្វីត(Sodium Hydrosul fite)ស្នើនឹង១១,៥០kg។
ឆ្លៀតក្នុងឱកាសនោះ លោក យាង បាក់ បានអប់រំណែនាំបន្ថែមឲ្យអាជីវករលក់ដូរ ត្រូវមានការគិតគូរជាចម្បងដល់សុខភាពអ្នកទិញ ហើយរាល់ទំនិញដែល ទិញមកលក់ដូរ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ជាមុន។
ជាមួយគ្នានោះ លោកប្រធានសាខាកាំកុងត្រូល ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ត្រូវចេះមានការត្រួតពិនិត្យមើលរាល់ការទិញទំនិញផ្សេងៗ ជៀសវាងទិញអស់ថវិកាហើយប៉ះពល់ពីសុខភាព និងបានបិទ poster ផ្សព្វផ្សាយអំពីសុវត្ថិភាពការប្រើប្រាស់ចំណីអាហារ៕