(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានមើលឃើញនូវសារសំខាន់ នៃការបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេស ទើបនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៥ បានចេញអនុក្រឹត្យ១៤៨ ស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ក្នុងប្រទេសកម្ពុជា។
តំបន់សេដ្ឋកិច្ចពិសេស បានដើរតួរយ៉ាងសំខាន់ជា «កន្សោមឧស្សាហកម្ម» ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច។
កន្សោឧស្សាហកម្ម គឺជាការប្រមូលផ្តុំដោយរោងចក្រ សហគ្រាសក្នុងតំបន់តែមួយ ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើឧស្សាហកម្ម និងមានទំនាក់ទំនងគ្នា ហើយមិនងាយឲ្យរោងចក្រ សហគ្រាសទាំងនោះដកខ្លួន ទៅប្រទេសផ្សេងទៀតឡើយ។
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា គោលបំណងដែលរាជរដ្ឋាភិបាលកម្ពុជា បង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេស គឺទី១ ចង់ធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយបន្ថែមពីសេដ្ឋកិច្ច ពឹងផ្អែកលើកវិស័យទេសចរណ៍ និងកាត់ដេរ ទៅរកវិស័យឧស្សាហកម្មផ្សេងទៀត ដូចជាការផលិតកង់ ផលិតម៉ូទ័រ និងយានយន្តជាដើម និងទី២ គឺចង់បង្កើតនូវកន្សោមឧស្សាហកម្ម ដើម្បីកុំឲ្យរោងចក្រដែលមកវិនិយោគនៅកម្ពុជា ដកខ្លួនចេញដោយងាយៗ។
តំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៅកម្ពុជា ត្រូវបានបង្កើតឡើងនៅក្រុងបាវិត ខេត្តស្វាយរៀងជាប់ព្រំដែនវៀតណាម ហើយរោងចក្រដែលបើកមុនគេនៅតំបន់សេដ្ឋកិច្ចពិសេសនោះ គឺរោងចក្រដំឡើងកង់ ហើយពេលនេះកម្ពុជា បានក្លាយជាប្រទេសទី៣ លើពិភពលោក ដែលនាំចេញកង់លក់ច្រើនជាងគេ។
គិតមកដល់ពេលនេះ នៅកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការ ផលិតនាំចេញផលិតផលទៅក្រៅប្រទេសចំនួន១៩ ក្នុងនោះស្រូបយករោងចក្របាន៣៧៧រោងចក្រ បង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ ចំនួន១១៤,១៧៣កន្លែង។ ក្នុងចំណោមរោងចក្រជិត៤០០រោងចក្រ មានរោងចក្ររបស់ប្រទេសជប៉ុន៩០រោងចក្រ កំពុងប្រតិបត្តិការក្នុងតំបន់សេដ្ឋកិច្ចពិសេស។
លោកអគ្គលេខាធិការបញ្ជាក់ថា «ក្រៅពីធ្វើពិពិធកម្មសេដ្ឋកិច្ចមូលដ្ឋាននេះ [បង្កើតសកម្មភាពឧស្សាហកម្មថ្មី ក្រៅពីពឹងផ្អែកវិស័យកាត់ដេរ និងទេសចរណ៍] ប៉ុន្តែយើងបានធ្វើពិពិធកម្មប្រភពទុនវិនិយោគ។ មុខមានតំបន់សេដ្ឋកិច្ចពិសេស កម្ពុជាមានវិនិយោគទុនមកពីគ្រប់ទិសទី មកពីហុងកុង សិង្ហបុរី ចិន ម៉ាឡេស៊ី ។ល។ មកពីអាស៊ីច្រើនជាងមកពីអឺរ៉ុប ដល់តែយើងមានតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនរបស់ជប៉ុនមកវិនិយោគ បើករោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមកដល់ពេលនេះ រោងចក្ររបស់ជប៉ុន បើកក្នុងតំបន់សេដ្ឋកិច្ចពិសេសរហូតដល់៩០រោងចក្រ»។
នាពេលថ្មីនេះ ជម្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញផ្សាយនូវរបាយការណ៍មួយ ដោយត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ ដកស្រង់មកចុះផ្សាយថា ការអភិវឌ្ឍនៅតំបន់សេដ្ឋកិច្ច ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស ដែលក្នុងអត្ថបទនោះ បង្ហាញអ្នកអានថា តំបន់សេដ្ឋកិច្ចពិសេសគ្មានអ្វីល្អទាល់តែសោះ មានតែការំលោភសិទ្ធិ។ ចំពោះរបាយការណ៍នេះ លោក សុខ ចិន្តាសោភា ចាត់ទុកថា ជារបាយការណ៍គ្មានមូលដ្ឋានបញ្ជាក់ពី តថភាពពិតប្រាដកឡើយ។
លោក សុខ ចិន្តាសោភា និយាយថា «ខ្ញុំឃើញអត្ថបទដែលចុះផ្សាយ ដោយភ្នំពេញប៉ុស្តិ៍ ខ្ញុំឃើញ ខ្ញុំស្លត់ ព្រោះកិច្ចការតំបន់សេដ្ឋកិច្ចពិសេសនេះ ក្រោមការដឹកនាំផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ខ្ញុំបានធ្វើកិច្ចការនេះផ្ទាល់ រឿងនេះខ្ញុំក្តាប់បានណែនណាស់ ខ្ញុំឃើញជាលើកទី១ហើយ ក្នុងជីវិតការងាររបស់ខ្ញុំ គឺថាតំបន់សេដ្ឋកិច្ចពិសេសប៉ះពាល់ដល់សិទ្ធិមនុស្ស ខ្ញុំក៏អាន ដល់តែអានបានដឹងថា អត្ថបទភ្នំពេញប៉ុស្តិ៍ផ្អែកទៅលើ របាយការណ៍មួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ខ្ញុំបានខិតរកមើលថា តើមជ្ឈមណ្ឌលសិទ្ធិមនុស្ស គេបានរបាយការណ៍ពីរឿងអី? ហើយមែនទែនរបាយការណ៍នោះ បានផ្តោតការវាយតម្លៃទៅលើ តំបន់សេដ្ឋកិច្ចពិសេសមួយគត់ រីឯអត្ថបទភ្នំពេញប៉ុស្តិ៍មើលហើយ គឺអ្នកអានមើលថា តំបន់សេដ្ឋកិច្ចពិសេស អាចនាំមកនូវបច្ច័យវិជ្ជមាន មានការរំលោភសិទ្ធិមនុស្ស មានការរំលោភដីធ្លី មានការលោភនូវលក្ខខណ្ឌការងារ មានការប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។ ខ្ញុំសុំបដិសេធដោយមិនទទួលទាល់តែសោះតែម្តង»។
លោកអគ្គលេខាធិការបញ្ជាក់ទៀត «បើយើងធ្វើការសូមឲ្យមានកម្រិតវិជ្ជាជីវៈឲ្យត្រឹមត្រូវ ឲ្យមានស្មារតីទទួលខុសត្រូវ ហ៊ាននិយាយត្រូវមានមូលដ្ឋាន...បច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចចំនួន១៩ ដែលមានដំណើរការហេតុអ្វី ពុំមានចេញឈ្មោះនៅតំបន់ណា ខេត្តណា ហេតុដែលលើកមកថា រំលោភសិទ្ធិមនុស្សកើតឡើងនៅឆ្នាំណាពេលណា អត់មានទាំងអស់ ធ្វើឲ្យអ្នកអានមើលទៅតំបន់សេដ្ឋកិច្ចពិសេសអត់មានផលប្រយោជន៍អ្វីទាំងអស់ អាចមានអ្វីបន្តិចបន្តួច ប៉ុន្តែក្រៅពីនោះអត់មានអ្វីទាំងអស់»។
លោកថា ការយកករណីកើតឡើងនៅតំបន់សេដ្ឋកិច្ច ពិសេសមួយ (ទោះកើតឡើងពិត ឬមិនពិត) មកទាញជាទូទៅថាគ្រប់តំបន់សេដ្ឋកិច្ចពិសេសសុទ្ធតែចឹងទាំងអស់ វាជាការមិនត្រឹមត្រូវទេ វាធ្វើឲ្យអ្នកអានមានការយល់ច្រលំ ហើយបង្កការប៉ះពាល់ធ្ងន់ធ្ងរ ដល់រូបភាពតំប់សេដ្ឋកិច្ចពិសេសជារួម៕