(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ បានលើកឡើងថា សម្តេចអាចនឹងជួបបសំណេះសំណាលជាមួយសិស្សដែលបានប្រឡងជាប់និទ្ទេស A ទាំង៤០៨នាក់ នៅដើមខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ដែលនឹងប្រារព្ធធ្វើឡើង នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រីកម្ពុជា ដ៏មានប្រជាប្រិយភាពរូបនេះ បានមានប្រសាសន៍កោតសរសើរដល់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាផ្នែកអប់រំទាំងអស់ និងផ្នែកពាក់ព័ន្ធនានា ដែលបានចាត់តាំងតំណាងរបស់ខ្លួនមកចូលរួមក្នុងសង្កេតការណ៍ការ ប្រឡងសញ្ញាបត្រទុតិយភូម «បាក់ឌុប» សម័យប្រឡង ២០ សីហា ២០១៨ ដោយទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា ពិតមែនហើយទោះបីជាមានការខុសឆ្គងពាក់ព័ន្ធការ នឹងការបូកសរុបពិន្ទុ ដោយម៉ាស៊ីនកុំព្យូទ័រ ពិតមែនតែរដ្ឋមន្ត្រីក្រសួងអប់រំ បានចេញមុខមកសុំទោសដល់សិស្សានុសិស្ស ឪពុកម្តាយ អាណាព្យាបាល និងប្រជាពលរដ្ឋភ្លាមៗ ពីកំហុសបច្ចេកទេសរបស់ខ្លួនផងដែរ។
នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «អីឡូវចំនួនអ្នកជាប់និទ្ទេស A ខ្ញុំគិតថាប្រហែលត្រូវរងចាំខ្ញុំ ត្រឡប់មកពីអឺរ៉ុប [...] អញ្ចឹងយើងអាចជួបសិស្សនិទ្ទេស A នៅដើមខែវិច្ឆិកា ចាំមើលខ្ញុំកំណត់កម្មវិធីឱ្យហើយ»៕
ឆ្លៀតក្នុងឱកាសនេះដែរសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដូច្នេះសូមក្រសួង និងស្ថាប័ននានា សូមប្រុងប្រយ័ត្នជាមួយគ្រឿងម៉ាស៊ីននេះ បន្តិច ដើម្បីចៀសវាងកំហុសបច្ចេកទេសណាមួយដោយមិនបានដឹងខ្លួនជាមុនផងដែរ៕