(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ បានប្រកាសថា ប្រាក់ឈ្នួលទាបបំផុតរបស់កម្មករ កម្មការិនីក្នុងវិស័យវេយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅឆ្នាំ២០១៩ មិនទាបជាង១៨០ដុល្លារនោះឡើយ ខណៈការសម្រេចជាផ្លូវការនឹងធ្វើឡើងនៅរសៀលថ្ងៃនេះតែម្ដង។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រារព្ធទិវាគ្រូបង្រៀន ៥ តុលា នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំអាចជម្រាបជូនបានថា ប្រាក់ខែទាបបំផុតរបស់កម្មករ មិនទាបជាង១៨០ដុល្លារសហរដ្ឋអាមេរិកទេ ចាប់ពីឆ្នាំ២០១៩។ ពាក្យថាមិនទាបជាង១៨០ដុល្លារ គឺលើសពី១៨០ដុល្លារហើយ»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ពាក់ព័ន្ធការពិភាក្សារឿងប្រាក់ឈ្នួលនេះ សហជីព ជាមួយម្ចាស់រោងចក្រ បានអនុម័ត ១៧៧ដុល្លារ ប៉ុន្ដែចំនួននេះសម្ដេចមិនទាន់ពេញចិត្តនៅឡើយទេ ដោយរាជរដ្ឋាភិបាលនឹងចរចារជាមួយម្ចាស់រោងចក្រ ដើម្បីផ្ដល់នូវកម្រៃបន្ថែមទៀត ហើយខាងរោងចក្រទាមទាររាជរដ្ឋាភិបាលបញ្ចុះថ្លៃភ្លើង។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានលើកឡើងផងដែរថា អំឡុងពេលកម្ពុជាកំពុងអនុវត្តប្រាក់ឈ្នួល ១៧០ដុល្លារនេះ ប្រទេសវៀតណាម ទើបតែអនុវត្តប្រាក់ឈ្នួលត្រឹម ១២០ដុល្លារប៉ុណ្ណោះ ហើយតំបន់ខ្លះឡើងជាង ២០០ដុល្លារ, ឥណ្ឌូនេស៊ី តំបន់ខ្លះបានត្រឹម១១០ដុល្លារ ហើយកន្លែងខ្លះលើសនេះ, ប្រទេសឡាវ ប្រាក់ឈ្នួល១១០ដុល្លារ ឬលើសនេះបន្ដិច។
សូមជម្រាបថា តំណាងភាគីកម្មករនិយោជិត (សហជីព), តំណាងភាគីនយោជក (ថៅកែ) និងរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ បានប្រកាសអំពីលទ្ធផល នៃការប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិត សម្រាប់ឆ្នាំ២០១៩។ អង្គប្រជុំបានបោះឆ្នោតស្ទាបស្ទង់លើតួលេខ២ ដែលមួយជាតួលេខរបស់សហជីព មានចំនួន១៨២ដុល្លារអាមេរិក និងមួយទៀត ជាតួលេខរបស់តំណាងភាគីនយោជក និងរាជរដ្ឋាភិបាល មានចំនួន១៧៧ដុល្លារ។
លោក សោម អូន សមាជិកក្រុមការងារពិសេសត្រីភាគី នៃការចរចារប្រាក់ឈ្នួលអប្បបរមា បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត សម្រាប់ឆ្នាំ២០១៩ នឹងសម្រេចជាផ្លូវការនៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ។
លោក សោម អូន ក៏បានគូសបញ្ជាក់ដែរថា ភាគីសហជីព តែងតែចង់បានប្រាក់ខែកម្មករខ្ពស់ ប៉ុន្តែក៏ត្រូវផ្សារភ្ជាប់ផងដែរ ជាមួយនឹងការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ដើម្បីរក្សាបាននូវការវិនិយោគ និងរក្សាបានសន្តិសុខការងារ។ លោកសង្ឃឹមថា ការដំឡើងប្រាក់ឈ្នួលនៅពេលនេះ នឹងទទួលបាននូវការស្វាគមន៍ ពីគ្រប់ភាគីពាក់ព័ន្ធ៕