(កំពង់ធំ)៖ នៅសល់ត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបុណ្យភ្ជុំបិណ្ឌ នឹងរំកិលខ្លួនមកដល់ ដែលបងប្អូនប្រជាពលរដ្ឋទាំងជិតទាំងឆ្ងាយ អញ្ជើញមកជួបជុំក្រុមគ្រួសារ ហើយអញ្ជើញមកទិញ របស់របរសម្រាប់ យកទៅជូនឪពុកម្តាយ និងយកទៅធ្វើជាចង្ហាន់ទៅវត្តកាន់តែច្រើនឡើង ព្រមទាំងអាចបង្កជាភាពកកស្ទះ នូវដំណើរទៅមកក្នុងកាទិញ ទំនិញក្នុងផ្សារ។

យល់ឃើញដូច្នេះ អាជ្ញាធរក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានចុះរៀបសណ្តាប់ធ្នាប់ក្នុងផ្សារមួយចំនួននៅក្នុងក្រុង។ ជាក់ស្តែងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលក្រុង សហការជាមួយកងកម្លាំងមាន សមត្ថកិច្ច ផាស៊ីផ្សារ និងអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តរៀបចំដោយស្មើរភាពទាំងអាជីវករលក់បន្លៃត្រីសាច់ សម្លៀក បំពាក់ ម្ហូបអាហារ និងរបស់ប្រើប្រាស់ទាំងអស់ដែលមាននៅក្នុងផ្សារផងដែរ។

ជាមួយគ្នានេះ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានឲ្យដឹងដែរថា ការចុះអបរំ ណែនាំនៅក្នុងផ្សារនេះចំនួនពីលើកមកហើយ រីឯថ្ងៃនេះជាលើកទី៣ ទើបយើងមានវិធានការថ្មីមួយ ដែលឈានទៅរកការចុះកិច្ចសន្យាជាលាយល័ក្ខអក្សរ ដែលធ្វើដោយផ្ទាល់រវាងក្រុមអាជីវករ ជាមួយអាជ្ញាធរ ហើយកិច្ចសន្យានេះក្រុមការងារបានបញ្ជាក់ឲ្យក្រុមអាជីវករ បានដឹង និងទុកជាសំណៅឯកសារមួយច្បាប់ម្នាក់ ចៀសវាងមានបញ្ហានៅថ្ងៃខាងមុខ ហើយក្រុមអាជីវករបែជា និយាយថា មិនបានដឹង ពីគោលការក៏ដូចជា ការផាកពិន័យ និងឈានទៅរករឹបអូសយករបស់របរទាំងឡាយណា ដែលលក់មកលើផ្លូវសាធារណៈបង្កឲ្យមានការកកស្ទះក្នុងការធ្វើដំណើរទៅមកនេះដែរ។

លោកបន្តថា ការរៀបចំនូវសណ្តាប់នេះ មានផលចំណេញរហូតទៅដល់ពីរយ៉ាងទាំងមានសណ្តាប់ធ្នាប់ ក្នុងការតាំងរបស់របរលក់ដូរ ជាពិសេសបង្កើននូវអនាម័យម្ហូបអាហារផ្សេងៗ ដែលស្ត្រីមេផ្ទះគ្រប់រូបយកទៅធ្វើសម្រាប់សុខក្រុមគ្រួសារទាំងមូលផងដែរ។

ជាមួយគ្នានេះផងដែរ អាជីវករក្នុងផ្សារកំពង់ធំ បានលើកឡើងដែរថា ពួកគាត់ពេញចិត្ត និងសហការលើគោលការណ៍នេះ ព្រោះវាជាការអនុវត្តមួយដែលផ្តល់នូវភាពចំណេញទាំងអស់គ្នា ទាំងអ្នកដំណើរមកទិញ ហើយការតាំងលក់មិនចាំបាច់រុះរើនៅពេលមានភ្លៀង ជាពិសេស គឺរក្សាបាននូវគុណភាពម្ហូបអាហាររបស់ពួកគាត់ សម្រាប់លក់ទៅកាន់ប្រជាពលរដ្ឋទាំងអស់ផងដែរ។

ក្រុមអាជីវករបានសុំណូមពរទៅកាន់អាជ្ញាធរ ឲ្យអនុវត្តន៍ការងារជាបន្តបន្ទាប់ទៅទៀត ការពារអាជីវករខ្លះមិនគោរព តាមគោលការណ៍ និងសូមឲ្យអាជ្ញាធរ ធ្វើការរុះរើ និងផាកពិន័យទៅតាមលក្ខ័ណ្ឌដែលបានចែងក្នុងកិច្ខសន្យា៕