(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិតិ្តយសសាខា, លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិថ្នាក់កណ្តាល និងប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញ បាននាំយកនូវថវិកា និងទេយ្យវត្ថុ ចូលរួមកាន់បិណ្ឌវេនទី១០ ចំនួន២វត្ត គឺវត្តសុវណ្ណគិរី ហៅវត្តទួលវែង និងវត្តព្រៃធុតង្គ ភ្នំទ្រព្យ ស្ថិតនៅក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់។
លោកស្រី ឈឹម ស៊ីណា ប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ប្រតិភូសាខាសមាគមនារី រួមជាមួយលោក ម៉ៅ ធនិន និងលោកស្រី បាននាំយកថវិកា និងទេយ្យទាន ទៅចូលរួមកាន់បិណ្ឌវេនទី១០ វត្តសុវណ្ណគិរី ហៅវត្តទួលវែង និងវត្តព្រៃធុតង្គ ភ្នំទ្រព្យ ស្ថិតនៅក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ដោយក្នុងមួយវត្តៗ ប្រគេនថវិកាកសាងចំនួន១លាន ៨០ម៉ឺនរៀល និងទេយ្យវត្ថុផ្សេងៗដូចជា៖ អង្ករ៥០គីឡូក្រាម ទឹកសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ មី កន្ទេល ចង្ហាន់ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត។
នៅក្នុងឱកាសនេះដែរលោក ម៉ៅ ធនិន បានលើកឡើងថា ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក រដ្ឋបាលខេត្ត រួមជាមួយសមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ តែងតែបានការគាំទ្រ និងចូលរួមពីបងប្អូនអាជីវករ នាំយកថវិកា និងទេយ្យទានផ្ទាល់ខ្លួន ប្រគេនដល់ព្រះសង្ឃ ក្នុងគោលបំណងចូលរួមជួយផ្គត់ផ្គង់ចង្ហាន់បិណ្ឌបាតដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ក្នុងទីវត្តអារាមរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សា។ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យធំជាងគេ នៅក្នុងចំណោមបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរ ជាអ្នកកាន់ព្រះពុទ្ធសាសនា បានខិតខំថែរក្សាតាំងពីដូនតា រហូតមកដល់សព្វថ្ងៃនេះ មិនឱ្យសាបសូន្យ និងបាត់បង់ឡើយប្រយោជន៍ទុកសម្រាប់កូនចៅជំនាន់ក្រោយៗប្រតិបត្តិ។
លោកបានថ្លែងទៀតថា នៅក្នុងអំឡុង កាន់បិណ្ឌ និង ភ្ជំបិណ្ឌនេះ គឺជារដូវស្សាមានភ្លៀងធ្លាក់ជោគជាំ ជួបការលំបាកដល់ព្រះសង្ឃ ពេលធ្វើគោចរបិណ្ឌបាត ហើយម្យ៉ាងវិញទៀត ពិធីនេះធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសល ជូនដល់ញាតិកាទាំង៧សណ្តាន តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតតាមកម្មពៀរជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លាន ទាំងអស់នោះបានរួចផុតពីក្តីលំបាកសោកសៅ។
ចាប់ពីពេលនោះមក រហូតមកដល់សព្វថ្ងៃ កូនចៅ ប្រុស ស្រី បានមកជួបជុំក្រុមគ្រួសារ ខិតខំដាំស្ល រៀបចំខ្លួនប្រាណ នាំយកថវិកា ទេយ្យទាន និងចង្ហាន់ទៅវត្តវេរប្រគេនព្រះសង្ឃ នៅលើឧបដ្ឋានសាលា គឺជាទម្លាប់មួយដែលពុទ្ធបរិស័ទខ្មែរយើងនិយមធ្វើតៗគ្នាជាយូមកហើយ។ ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងនូវការកោតសរសើរចំពោះសមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងពុទ្ធបរិស័ទគ្រប់ទិសទី ដែលមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បានបរិច្ចាគធនធាន ទាំងថវិកា សម្ភារៈផ្ទាល់ខ្លួន មកចូលរួមវេនកាន់បិណ្ឌទី១០ ទាំង២វត្ត ជាការរួមចំណែកជួយទ្រទ្រង់ដល់ព្រះសង្ឃគង់ចាំព្រះវស្សា នាពេលនេះ។
ឆ្លៀតក្នុងឱកាសនោះលោក ម៉ៅ ធនិន និងលោកស្រី ក៏បានចូលរួមស្រោចស្របដើមពោធិ៍ និងអភិសេកនិមិត្តរូបស្នងវីរៈបុរសខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត, ព្រះបាទជ័យវរ្ម័យទី៧ ព្រមទាំងបន្តចុះត្រួតពិនិត្យ ពន្លឿនការដ្ឋានស្ថាបនាវេទិកាអុំទូក ដែលធ្វើអំពីឈើប្រណិត ស្របតាមបទដ្ឋានបុរាណខ្មែរ ត្រៀមប្រារព្ធពិធីបុណ្យអុំទូក ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ដល់២០ ខែវិច្ឆិកា ឆ្នាំ២០១៨ឆាប់ៗខាងមុខ៕