(ភ្នំពេញ)៖ មន្ត្រីកាំកុងត្រូលសាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដឹកនាំដោយលោក ទិត្យ សុខហ៊ីម និងមន្រ្តីរួមមាន៖ លោក ចាន់ ភាហឿន, លោក កែវ សុភា, លោកស្រី ឃួន សុធា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ សហការជាមួយមន្រី្តមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផលទំនិញ និងម្ហូបអាហារ នៅតាមម៉ាត និងផ្ទះមួយចំនួន នៅតាមបណ្តោយផ្លូវសហពន្ធរុស្សី ក្នុងខណ្ឌពោធិ៍សែនជ័យ ដូចជា៖ ផ្សារ បាលីម៉ាត (Bali Mart), ផ្សារ Apple Mart និងផ្ទះលក់ទំនិញមួយចំនួនទៀត។
ជាលទ្ធផល មន្ត្រីយើងពុំបានរកឃើញទំនិញ ឬម្ហូបអាហារខូចគុណភាព ឬមានលាយសារធាតុគីមី ដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ឡើយ។ ជាមួយគ្នានេះ មន្ត្រីកាំកុងត្រូលក៏បានអប់រំផ្សព្វផ្សាយអំពី សុវត្ថិភាពម្ហូបអាហារ, ការរក្សាទុកទំនិញឲ្យបានត្រឹមត្រូវ និងយល់ដឹងអំពីការទទួលខុសត្រូវចំពោះច្បាប់ លើផលិតផលទំនិញ ម្ហូបអាហារ របស់ខ្លួនដែលបានដាក់លក់នាឱកានោះផងដែរ។
នាឱកាសនោះ លោក ទិត្យ សុខហ៊ីម អនុប្រធានប៉ុស្តិ៍សាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ក្នុងគោលបំណងធានានូវសុខុមាលភាពការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ កម្លាំងជំនាញកាំកុងត្រូលរបស់លោកបានចុះអង្កេតតាមស្តង់ ដេប៉ូចែកចាយធំៗ ក្រែងមានអាជីវករខ្លះបញ្ចេញផលិតផលទំនិញ ដែលហួសកាលបរិច្ឆេទលក់ទៅឲ្យពលរដ្ឋ។
លោកបានបន្តថា នៅក្នុងប្រតិបត្តិការនេះ ជាលទ្ធផលក្រុមការងារ រកពុំឃើញមានទំនិញខូចគុណភាព ទំនិញហាមឃាត់ ទឹកភេសជ្ជៈហួសកាលបរិច្ឆេទនោះទេ ព្រោះថា ក្រុមអាជីវករកាន់តែមានការយល់ដឹងពីសុខភាព ចំណីអាហារខ្ពស់នាពេលបច្ចុប្បន្ននេះ។
លោកក៏បានធ្វើការណែនាំដេប៉ូចែកចាយ ស្តង់ និងតូចលក់ទំនិញធំៗទាំងអស់ ត្រូវចេះត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះកាលបរិច្ឆេទ នៃទំនិញនិងហាមដាក់តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទប្រើប្រាស់នេះផងដែរ៕