(សៀមរាប)៖ កម្លាំងសមត្ថកិច្ចផែនការងារសន្តិសុខនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យជាអ្នកកាសែត និងអ្នករត់ម៉ូតូឌុបចំនួន២នាក់ ដែលយកឈ្មោះថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប ដើរទារលុយតាមអាជីវកម្មក្នុងខេត្ត។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ដោយកម្លាំងផែនការងារសន្តិសុខ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការរងខេត្តសៀមរាប ដោយមានការចូលរួមពីកម្លាំងរបស់អធិការដ្ឋានក្រុងសៀមរាប បានចុះទៅឃាត់ខ្លួនជនសង្ស័យ២នាក់ ម្នាក់ឈ្មោះ ស៊ាន សុខា អាយុ៤៣ឆ្នាំ មុខរបរអ្នកសារពត៌មានគេហទំព័រ និងបច្ចុប្បន្នស្នាក់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប និងម្នាក់ទៀតឈ្មោះ គឹម ហាន អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប (ជាអ្នកដើរយកលុយ) បច្ចុប្បន្នស្នាក់នៅភូមិទ្រាំង សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាប។
លោកស្នងការរងបានបញ្ជាក់ប្រាប់បណ្ដាញអង្គភាព Fresh News ថា ដែលកំពុងធ្វើសកម្មភាពយកឈ្មោះលោក ធូ ចន្តុល ជាមន្ត្រីនៃការិអន្តរវិស័យរបស់សាលាខេត្តសៀមរាប បានកុហកបោកប្រាស់ប្រជាពលរដ្ឋ ដែលជាម្ចាស់អាជីវកម្មជាច្រើនក្នុងខេត្តសៀមរាបថា លោក ធូ ចន្តុល ឱ្យយមកយកស្រាបៀរ ដើម្បីយកទៅជប់លៀងនៅសាលាខេត្តសៀមរាប ពេលនោះអាជីវករដែលបើកអាជីវកម្មផ្សេងៗ បានប្រគល់ស្រាបៀរសរុបចំនួន ៤កន្លែង បានចំនួន៧កេះ ទៅជនសង្ស័យខាងលើ។
លោកបន្ថែមថា ក្រោយពីធ្វើសកម្មភាពលើកចុងក្រោយ ក៏ត្រូវប្រជាពលរដ្ឋរាយការណ៏ប្តឹងមកសមត្ថកិច្ច ហើយក៏ចុះទៅស្រាវជ្រាវភ្លាម លុះរហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០១៨ វេលាម៉ោង ១៦៖៣០នាទី ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខ ឃាត់ខ្លួនជនសង្ស័យទាំងពីរយកមកធ្វើការសាកសួរ។
ក្រោយពីសមត្ថកិច្ចធ្វើការសួរនាំសង្ស័យទាំងពីរ បានឆ្លើយសារភាពថា រូបគេទាំងពីរពិតជាបានយកឈ្មោះ លោក ធូ ចន្តុល ជាមន្ត្រីសាលាខេត្តសៀមរាបទៅកុហកអាជីវករលក់ដូរ ដើម្បីយកស្រាបៀរចំនួន៧កេះ ពិតប្រាកដមែន។
ដោយជនសង្ស័យទំាង២នាក់ បានទទួលសារភាពកំហុស និងបានសន្សាថានឹងឈប់ប្រព្រឹត្តអំពើផ្តេសផ្តាសនេះបន្តទៀត ហើយដោយបានសុំការអនុញ្ញាតពីអភិបាលខេត្ត កម្លាំងសមត្ថកិច្ចបានធ្វើការសន្យា និងព្រមានជាលើកទី១ ហើយមានការធានាពីក្រុមគ្រួសារបានអោយត្រឡាប់ទៅផ្ទះ៕