(ភ្នំពេញ)៖ ​​លោក នៃ គង់ ដែលត្រូវជាកូនជំនួសមុខឲ្យអ្នកម្តាយ បងប្អូនក្រុមគ្រួសារនៃសព ​លោក​ នៃ ប៉េណា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះថ្នាក់ដឹកនាំកំពូលៗ នៃរាជរដ្ឋាភិបាលកម្ពុជា ​លោក លោកស្រី អ្នកនាងកញ្ញា និ​ងញាតិមិត្តទាំងអស់ ដែលបានចំណាយពេលវេលា អញ្ជើញចូលរួមរំលែកទុក្ខគ្រួសារលោក។

លោក នៃ គង់ ​និងក្រុមគួសារ សូមជូនពរថ្នាក់ដឹកនាំកំពូលៗ នៃរាជរដ្ឋាភិបាល លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តទាំងអស់ ជួបតែសេចក្តីសុខ និងពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀត​ឡើយ។

សូមបញ្ជាក់ថា លោក នៃ ប៉េណា ជាឥស្សរជនជាន់ខ្ពស់មួយរូបរបស់កម្ពុជា បានទទួលមរណភាព ដោយរោគាពាធ ​នាវេលាម៉ោង១៖០០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧៤ឆ្នាំ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ក៏បានអញ្ជើញចូលរួមក្នុងពិធីបូជាសព លោក នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភាផងដែរ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី និងមន្ត្រីនៃរាជរដ្ឋាភិបាលទាំងអស់ ​បានសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល​ សោកស្តាយ​ អាឡោះ​អាល័យ​ជាទីបំផុត​ និងសូមចូលរួមរំលែកទុក្ខជាមួយ​ក្រុមគ្រួសារ​នៃសព។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា មរណភាពរបស់ លោក នៃ ប៉េណា ​គឺជាការបាត់បង់កុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ពោរពេញដោយឆន្ទៈមនសិការ ក្នុងការបម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ៕​