(តូក្យូ)៖ គ្រោះធម្មជាតិរញ្ជួយផែនដីដែលមានកម្រិតបង្គួរ ៥.៣រ៉ិចទ័រ បានវាយប្រហារកោះ ហុកកៃដូ (Hokkaido) នៃភាគខាងជើងប្រទេសជប៉ុននៅព្រឹកថ្ងៃសុក្រនេះ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើល ប៉ុន្តែអាជ្ញាធរពុំបានចេញសេចក្តីព្រមានណាមួយថា អាចកើតមានរលកយក្សស៊ូណាមិនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨។
បើតាមការបញ្ជាក់ពីអាជ្ញាធរតាមដានភូមិសាស្ត្រជប៉ុន JMA គ្រោះរញ្ជួយដីខាងលើនេះ បានកើតមានឡើងនៅភាគខាងត្បូង នៃកោះហុកកៃដូពីក្នុងជម្រៅដី ៣០គីឡូម៉ែត្រ ខណៈមិនទាន់មានសេចក្តីរាយការណ៍ណាមួយថា អាចមានជនរងគ្រោះ និងការបង្កការខូចខាតអ្វីនោះឡើយ។ កាលពីខែមិថុនាកន្លងទៅនេះ មនុស្ស០៣នាក់បានស្លាប់ និងជាង២០០នាក់រងរបួសដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់ វាយប្រហារប្រទេសជប៉ុន៕