(ភ្នំពេញ)៖ ឆ្លៀតក្នុងឱកាសពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនេះ នៅព្រឹក និងរសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា (ហៅកាត់ថា កក្រក) ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យគណៈប្រតិភូដឹកនាំដោយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ ចុះសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ជូនអ្នកជំងឺនៅក្នុងមន្ទីរពេទ្យព្រះកេតុមាលាសរុបចំនួន ៤៤៧នាក់ (ក្នុងនោះមានកងទ័ពចំនួន ២១៦នាក់) ។ ដោយឡែក អ្នកជំងឺ-កម្មករនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតចំនួន ១,០៥៩នាក់។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការ និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ព្រមទាំងសហការី បានអញ្ជើញជួបផ្ទាល់ដល់បន្ទប់អ្នកជំងឺដោយបានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ ការយកចិត្តទុកដាក់ គិតគូរពីការលំបាករបស់ប្រជាពលរដ្ឋ និងពាំនាំសារអំពាវនាវរបស់ សម្តេចប្រធាន ផ្តាំផ្ញើជូនអ្នកជំងឺទាំងអស់ ឱ្យគិតគូរថែរក្សាសុខភាពឱ្យបានល្អ, ប្រុងប្រយ័ត្ននឹងជំងឺឆ្លងនានា, ការជៀសឆ្ងាយគ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៊ីសង, ការគិតគូរពីសុវត្ថិភាពចរាចរណ៍។ ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការ សូមជូនពរដល់អ្នកជំងឺទាំងអស់និងក្រុមគ្រួសារ ឱ្យមានសុខភាពល្អ ឆាប់ជាសះស្បើយពីជំងឺ ដើម្បីបានចូលរួមសប្បាយរីករាយអបអរបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខាងមុខនេះ។
អ្នកជំងឺ និងក្រុមគ្រួសារទាំងអស់ មានក្តីរីករាយឥតឧបមា ដោយបានកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរ ជួយសម្រាលការលំបាក និងចែករំលែកក្តីស្រឡាញ់ ជូនប្រជាពលរដ្ឋគ្រប់ទិសទី ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ទន្ទឹមនេះ សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានគិតគូរថែទាំ ព្យាបាលជំងឺដោយយកចិត្តទុកដាក់ប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈត្រឹមត្រូវ និងផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺទាំងអស់។
អំណោយមនុស្សធម៌ដែលបានចែកជូនអ្នកជំងឺទាំង ១,៥០៦នាក់ ក្នុងម្នាក់ៗទទួលបាន ៖ មី ១កេស ត្រីខ ១០កំប៉ុង ស្ករស ១គីឡូក្រាម ទឹកដោះគោខាប់ ៤កំប៉ុង នំប្រៃ ១កញ្ចប់ មុង១ ភួយ១ សារុង១ ក្រមា១ អាវយ៉ឺត១ និងថវិកា ៥០.០០០រៀល។ ដោយឡែក កងទ័ពមានជំងឺចំនួន ២១៦នាក់ ក្នុងម្នាក់ៗទទួលបាន មុងសុវត្ថិភាពចំនួន ១បន្ថែមទៀត៕