(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ ចាប់ពីថ្ងៃទី៦ ដល់ ១០ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែតុលានេះ។
អញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន មានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ថ្នាក់ដឹកនាំកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន នឹងចូលក្រាបបង្គំគាល់ព្រះចៅអធិរាជជប៉ុន។
កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០នេះ នឹងពិភាក្សានិងអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី សំដៅធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន និងការពារបរិស្ថាន។ យុទ្ធសាស្ត្រនេះផ្តោតសារៈសំខាន់ លើការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសមេគង្គ និងប្រទេសសមាជិកអាស៊ានផ្សេងទៀត។
សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាមួយ ដោយផ្តោតជាសំខាន់ទៅលើទិសដៅនាពេលអនាគត នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។
ថ្នាក់ដឹកនាំមេគង្គ នឹងអញ្ជើញពិសារអាហារការងារពេលព្រឹក រៀបចំដោយសមាគមមិត្តភាពសភាជប៉ុន-មេគង្គ ពិសារអាហារការងារថ្ងៃត្រង់ រៀបចំដោយក្រុមធុរកិច្ច និងចូលរួមក្នុងវេទិកាវិនិយោគជប៉ុន-មេគង្គ រៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ដែលក្នុងឱកាសនោះ សម្តេចតេជោនឹងថ្លែងសង្កថាគន្លឹះ ផ្តោតលើការទាក់ទាញវិនិយោគិនជប៉ុនមកធ្វើធុរកិច្ចក្នុងតំបន់មេគង្គ។
នៅក្រៅកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ស្តីពីបញ្ហាផ្សេងៗដែលជាការយកចិត្តទុករួមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ។ បន្ទាប់មក នាយករដ្ឋមន្ត្រីទាំងពីរ នឹងមានសន្និសីទសារព័ត៌មានរួមគ្នា។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោ នឹងទទួលជំនួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ដោយលោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា (Masahiro IMAMURA) ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា លោក ហ៊ីរ៉ូយូគី អ៊ីស៊ីហ្គេ (Hiroyuki Ishige) ប្រធាន និងជានាយកប្រតិបត្តិអង្គការ JETRO លោក ហ្វ៊ូមីអាគី តាកាហាស៊ី (Fumiaki Takahashi) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពជា លោក ណូប៊ូអាគី គីតាម៉ូរី (Nobuaki Kitamori) តំណាងក្រុមហ៊ុនមីស៊ុអ៊ី (Mitsui Co., Ltd) និងលោក យូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) តំណាងក្រុមហ៊ុនមីនេប៊ែរ (Minebea Cambodia Co., Ltd)។ សម្តេចតេជោ ក៏នឹងអញ្ជើញទស្សនកិច្ចតំបន់ឧស្សាហកម្មសំខាន់ៗចំនួនពីររបស់ជប៉ុនផងដែរ រួមមានកំពង់ផែកុងតឺណឺរនៅទីក្រុងយូកូហាម៉ា (Yokohama) និងមជ្ឈមណ្ឌលសំអាតទឹកអារីយ៉ាកេ (Ariake)។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងឆ្លៀតឱកាសជួបសំណេះសំណាលជាមួយសហគមន៍ និងនិស្សិតកម្ពុជាដែលកំពុងរស់នៅនិងសិក្សានៅក្នុងប្រទេសជប៉ុនផងដែរ៕