(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសស្រាល២នាក់ និងរបួសធ្ងន់៦នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១០គ្រឿង, រថយន្តតូច២គ្រឿង, រថយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន និងមិនប្រកាន់ស្ដាំ។
សូមបញ្ជាក់ថា រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣៨លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន២៣នាក់, របួសធ្ងន់៣៥នាក់ និងរបួសស្រាល១១នាក់៕