(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ស្អែកនេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ដែលនឹងប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
«ទិវាគ្រូបង្រៀន ៥ តុលា» ឆ្នាំនេះ នឹងត្រូវប្រារព្ធធ្វើឡើងក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។ ពិធីនេះនឹងមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោកគ្រូ អ្នកគ្រូ មកពីបណ្តាខេត្តនានា មន្រ្តីរាជការក្រសួងអប់រំ យុវជន និងកីឡា អង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងសិស្សានុសិស្សជាច្រើនរូបទៀត។
នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនព្រឹកស្អែកនេះ ក៏មានការប្រគល់ពានរង្វាន់ព្រះភារម្យភាសា អ៊ូ ហៅង៉ុយ ដល់លោកគ្រូ អ្នកគ្រូជយលាភី ផ្នែកស្មូត្រកំណាព្យ និងពានរង្វាន់សម្តេចព្រះសង្ឃរាជ ជួន ណាត ជូនដល់លោកគ្រូ អ្នកគ្រូជយលាភីផ្នែកតែងនិពន្ធផងដែរ។
សូមបញ្ជាក់ថា ទិវាគ្រូបង្រៀន ៥ តុលា ជាទិវាមួយដែលបានកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាំងពីឆ្នាំ១៩៩៧ ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។
ជាងនេះទៅទៀតទិវាគ្រូបង្រៀនធ្វើឡើង ដើម្បីរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានខិតខំអំណត់ព្យាយាមក្នុងការបំពេញភារកិច្ចជាអ្នកបណ្តុះបណ្តាល ដើម្បីផ្ទេរនូវចំណេះដឹងដ៏មានតម្លៃនៃវិទ្យាសាស្រ្តបច្ចេកវិទ្យា ព្រមទាំងទូន្មានគ្រប់កម្រិតឱ្យធ្វើតែអំពើល្អ ស្គាល់ខុសត្រូវគោរពចាស់ទុំ តាមគំនិតថ្មីនៃការអប់រំ គឺរៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីរួមរស់នៅជាមួយគ្នាប្រកបដោយសុខដុម៕