(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ ក្រសួងមហាផ្ទៃ បានជួប និងទទួលយកពាក្យបណ្តឹង រួមទាំងភស្តុតាងថ្មីបន្ថែមទៀតពីសមាជិកស្ថាបនិក សមាជិកក្រុមប្រឹក្សានយោបាយ និងសមាជិកក្រុមប្រឹក្សានាយក តំណាងរាជធានី-ខេត្ត នៃគណបក្សអំណាចខ្មែរ ពាក់ព័ន្ធនឹងការប្តឹងទាមទារយកគណបក្សអំណាចខ្មែរពី លោក សួង សុភ័ណ្ឌ ត្រឡប់មកវិញ។
ជំនួបនេះ បានធ្វើឡើងនៅក្រសួងមហាផ្ទៃ ដោយសមាសភាពអតីតគណបក្សអំណាចខ្មែរដឹកនាំដោយ លោក ទេព វីរៈ, លោក ប៉ែន ស៊ាប និង លោក ម៉ក់ រតនា។ ចំណែកសមាសភាព ក្រសួងមហាផ្ទៃ ដឹកនាំដោយ លោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាល ក្រសួងមហាផ្ទៃ។
លោក ប៉ែន ស៊ាប អនុប្រធានគណបក្សអំណាចខ្មែរ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ មិនទាន់សម្រេចថា ភាគីណាជាអ្នកឈ្នះ ដើម្បីគ្រប់គ្រងគណបក្សអំណាចខ្មែរនោះទេ គឺក្រសួងនេះកំពុងតែទទួលពាក្យបណ្តឹងបន្ថែម និងត្រួតពិនិត្យភស្តុតាងបន្តទៀត ពាក់ការធ្វើសមាជបក្សរបស់លោក សួង សោភ័ណ្ឌ។
លោក ប៉ែន ស៊ាប បានថ្លែងយ៉ាងដូច្នេះថា៖ «ក្រសួងមហាផ្ទៃមិនទាន់សម្រេចយ៉ាងណានោះទេ គឺគាត់កំពុងតែធ្វើការហើយក៏បានសម្រេចថា គណបក្សនេះ បានទៅលើអ្នកណា ឬអ្នកណាខុសអ្នកណាត្រូវនោះទេ ក្រសួងមហាផ្ទៃកំពុងតែធ្វើការ»។ លោកបន្តថា «ក្រសួងមហាផ្ទៃធ្វើអ្វីតាមតែពាក្យបណ្តឹងបន្ថែមរបស់យើង ដែលបានដាក់ទៅហើយក្រសួងមហាផ្ទៃ និងត្រួតពិនិត្យភស្តុតាងបន្តទៀត ជាមួយរបាយការណ៍ប្រជុំជាមួយក្រុមប្រឹក្សានយោបាយទាំងអស់ ដែលបានមកចូលរួមនេះ»។
ទោះជាយ៉ាងណាលោក ប៉ែន ស៊ាប នៅតែបន្តថា សមាជិកស្ថាបនិករបស់អតីតគណបក្សអំណាចខ្មែរ គ្មានអ្វីខុសនោះទេ គឺលោក សួង សោភ័ណ្ឌ នោះទេ ជាអ្នកដែលធ្វើបក្សប្រហារដណ្តើមគណបក្ស លួចគណបក្ស ដែលពួកគាត់ខិតខំប្រឹងប្រែងកសាងតាំងពីបាទដៃទទេរ មកគ្រប់គ្រងដោយឯកឯងទៅវិញ ទាំងនេះពួកគាត់មិនអាចទទួលបាននោះទេ។
លោក បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានទទួលភស្តុតាងថ្មីៗ និងកំពុងតែធ្វើកោសល្យវិច្ឆ័យលើលិខិតដែលក្រុមលោក សួង សោភ័ណ្ឌ បានធ្វើសមាជទៅដាក់នៅក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកញ្ញា កន្លងទៅ លោក ប៉ែន ស៊ាប បានធ្វើលិខិតមួយដាក់ជូន សម្តេចក្រហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីស្នើឱ្យកោះហៅ លោក សួង សុភ័ណ្ឌ ទៅសួរនាំ ដោយលោកចោទថា លោក សួង សុភណ្ឌ បានបន្លំរបាយការណ៍ថា រូបលោកបានលាលែងពីតំណែង។
លោកចាត់ទុកថា ការសរសេររបាយការណ៍របស់ លោក សួង សុភ័ណ្ឌ ទៅក្រសួងមហាផ្ទៃអំពីសមាជ និងអំពីការលាលែងរបស់ អនុប្រធានបក្សនេះ គឺជាការកុហកក្រសួងមហាផ្ទៃ ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង ដើម្បីឡើងធ្វើជាប្រធានបក្ស និងបង្កើតបក្ខពួក បំបែកបំបាក់ផ្ទៃក្នុងគណបក្ស ខុសពីច្បាប់លក្ខន្តិកៈដើមរបស់គណបក្សអំណាចខ្មែរ។
ដោយឡែក លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ក៏បានចោទលោក សួង សោភ័ណ្ឌ ថាបានធ្វើលិខិតក្លែងក្លាយ និងបង្ខំសមាជិកគណបក្សឱ្យចុះហត្ថលេខាព្រមទទួលស្គាល់លើលិខិតនេះ ដើម្បីគ្រប់គ្រងគណបក្សអំណាចខ្មែរទាំងមូលផងដែរ៕