(ភ្នំពេញ)៖ អតីតឧកញ៉ា ហូរ ចំរើន ត្រូវបានតុលាការ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១៨ខែ ក្នុងបទចោទ ប្រើប្រាស់អាវុធ បាញ់បោះគំរាមសម្លាប់ប្រពន្ធ ប្រព្រឹត្តនៅក្នុងភូមិគ្រឹះដ៏ស្តុកស្តម្ភរបស់ខ្លួន ក្បែរគុកព្រៃស។ នេះជាការរបស់មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ។

គួរំលឹកថា ជនត្រូវចោទ ហូរ ចំរើន បានបាញ់គំរាមសម្លាប់ប្រពន្ធ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ហើយត្រូវបានប្តឹងទៅស្ថាប័នអគ្គស្នងការនគរបាលជាតិឲ្យចាប់ខ្លួន ដើម្បីបញ្ជូនទៅតុលាការ កាត់ទោសតាមច្បាប់។

សូមជម្រាបជូនថា ក្រោយពីបើកសវនាការសាកសួរដេញដោលចប់សព្វគ្រប់ លោក លាង សំណាត់ ជាចៅក្រមជំនុំជម្រះ ដោយមានលោក ស៊ិន វិរ: ជាតំណាងអយ្យការសវនាការ បានប្រកាសសាលក្រម ផ្តន្ទាទោសជនជាប់ចោទ ហូរ ចំរើន ដាក់ពន្ធនាគារកំណត់រយៈពេល១៨ខែ ក្រោមបទចោទប្រកាន់ «គំរាមកំហែងថានឹងសម្លាប់» ប្រព្រឹត្តកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៣៧២ ផ្លូវបេតុង ក្រុម៣ ភូមិទួលរកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ យោងតាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ៕