(ភ្នំពេញ)៖ តំណាងភាគីកម្មករនិយោជិត (សហជីព), តំណាងភាគីនយោជក (ថៅកែ) និងរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ បានប្រកាសអំពីលទ្ធផល នៃការប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិត សម្រាប់ឆ្នាំ២០១៩។
បើតាមការប្រកាសនេះ, អង្គប្រជុំបានបោះឆ្នោតស្ទាបស្ទង់លើតួលេខ២ ដែលមួយជាតួលេខរបស់សហជីព មានចំនួន១៨២ដុល្លារអាមេរិក និងមួយទៀតជាតួលេខរបស់តំណាងភាគីនយោជក និងរាជរដ្ឋាភិបាល មានចំនួន១៧៧ដុល្លារអាមេរិក។
ជាលទ្ធផល នៃការបោះឆ្នោតក្រុមការងារបច្ចេកទេសត្រីភាគី មានដូចខាងក្រោម៖
*តួលេខចំនួន ១៨២ដុល្លារអាមេរិក របស់សហជីពទទួលបាន១១សំឡេងលើ៤៧សំឡេង
*តួលេខចំនួន ១៧៧ដុល្លារអាមេរិក របស់តំណាងភាគីនយោជក និងរាជរដ្ឋាភិបាល ទទួលបាន៣១លើ៤៧សំឡេង
*សំឡេងអនុបវាទចំនួន៥ លើ៤៧សំឡេង។
សូមជម្រាបថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត សម្រាប់ឆ្នាំ២០១៩ នឹងសម្រេចជាផ្លូវការនៅរសៀលថ្ងៃស្អែកនេះ។ នេះបើតាមលោក សោម អូន ជាសមាជិកក្រុមការងារពិសេសត្រីភាគី នៃការចរចាប្រាក់ឈ្នួលអប្បបរមា ដែលបានចូលរួមប្រជុំជាប់រហូតមកនោះ បានប្រាប់ Fresh News បន្ថែមនៅរសៀលថ្ងៃទី០៤ ខែកញ្ញានេះ។
លោក សោម អូន ក៏បានគូសបញ្ជាក់ដែរថា ភាគីសហជីព តែងតែចង់បានប្រាក់ខែកម្មករខ្ពស់ ប៉ុន្តែក៏ត្រូវផ្សារភ្ជាប់ផងដែរ ជាមួយនឹងការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ដើម្បីរក្សាបាននូវការវិនិយោគ និងរក្សាបានសន្តិសុខការងារ។ លោកសង្ឃឹមថា ការដំឡើងប្រាក់ឈ្នួលនៅពេលនេះ នឹងទទួលបាននូវការស្វាគមន៍ ពីគ្រប់ភាគីពាក់ព័ន្ធ៕