(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជូនជនសង្ស័យប្រុសស្រី០៨នាក់ ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ រួមជាមួយថ្នាំញៀនប្រភេទ ក្រាមពណ៌សថ្លា៦៧កញ្ចាប់ ជាប្រភេទម៉ាទឹកកក។
ជនសង្ស័យទាំងប្រុសស្រីទាំង០៨នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យទាំងអស់នោះរួមមាន ទី១៖ឈ្មោះ រ័ត្ន ឧត្តម ហៅឧត្តម អាយុ២២ឆ្នាំ, ទី២៖ឈ្មោះ ចាន់ សុឃឿន ហៅខ្មៅ អាយុ២៣ឆ្នាំ, ទី៣៖ឈ្មោះ ជា គា អាយុ២៨ឆ្នាំ, ទី៤៖ឈ្មោះ ស៊ឺម វណ្ណា ហៅធីង អាយុ៣៤ឆ្នាំ, ទី៥៖ឈ្មោះ មួង សុខទី ហៅទី អាយុ២៩ឆ្នាំ, ទី៦៖ឈ្មោះ រិន រ៉ុត ហៅតួ អាយុ២៥ឆ្នាំ, ទី៧៖ឈ្មោះ កែវ កល្យាណ ហៅសិលា ភេទស្រី អាយុ២០ឆ្នាំ និងទី៨៖ឈ្មោះ ខ្លូត វាសនា ហៅស្នា ភេទស្រី អាយុ២៥ឆ្នាំ។
តាមការសាកសួររបស់សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង០៨នាក់ខាងលើ បានប្រាប់ឲ្យដឹងថា គ្រឿងញៀនទាំង៦៧កញ្ចប់ (ប្រភេទម៉ាទឹកកក) គឺពិតជារបស់ពួកគេប្រាកដមែន ហើយគ្រឿងញៀនទាំងនោះ គឺសម្រាប់ពួកគេយកទៅលក់បន្ត និងប្រើប្រាស់ខ្លួនឯងផង។ បន្ទាប់ពីទទួលបានចម្លើយសារភាព ទើបមន្រ្តីជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿង និងបញ្ជូនពួកគេទៅតុលាការដើម្បីចាត់ការតាមនិតិវិធី៕