(តាកែវ)៖ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកទ្រាំង លោក សុខ ផេង និងលោក សុខ ពុទ្ធិវុធ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកទ្រាំង នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងចែករង្វាន់ម៉ូតូម៉ាក Zoomer ម្នាក់មួយគ្រឿង និងសម្ភារមួយចំនួនទៀត ជូនដល់សិស្សប្រឡងជាប់និទ្ទេស A ចំនួន៣នាក់ នៅក្នុងស្រុកទ្រាំង។
នៅចំពោះមុខក្រុមសិស្សនិទ្ទេស A លោក សុខ ពុទ្ធិវុធ បានថ្លែងថា «បើទោះបីជាប្អូនៗបានប្រឡងជាប់ដោយទទួលបានលទ្ធលផលល្អយ៉ាងណាក៏ដោយ ក៏ប៉ុន្តែប្អូនៗនៅមិនទាន់ឈាន ទៅដល់ការសម្រេចបាននៅគោលដៅជីវិតនៅឡើយទេ ដូច្នោះសូមប្អូនៗ ខិតខំសិក្សារៀនសូត្របន្ថែមទៀត នៅថ្នាក់មហាវិទ្យាល័យ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អ សម្រាប់អនាគតរៀងៗខ្លួន និងសម្រាប់ប្រទេសជាតិទាំងមូលផងដែរ»។
នៅក្នុងឱកាសនោះលោក សុខ ពុទ្ធិវុទ្ធ ក៏បានលើកទឹកចឹត្តដល់ក្រុមសិស្សនិទ្ទេស A ទាំង៣នាក់ ត្រូវរៀបចំផែនការ និងទីសដៅរបស់ខ្លួនឲ្យបានត្រូវទៅនិងអ្វីដែលពិភពលោកបច្ចុប្បន្ន ព្រោះបើកាលណាយើងចាប់យកជំនាញណាមួយ ឲ្យពិតប្រាកដហើយយើងខិតខំ យើងពិតជាទទួលបានជោគជ័យជាក់ជាពុំខាន។ ម្យ៉ាងទៀត សូមប្អូនចងចាំសុភាសិតមួយរបស់ខ្មែរយើងដែលនិយាយថា «ស៊ូលំបាកជាមុនទើបស្រុណុកជាក្រោយ»។
នៅក្នុងឱកាសនោះដែរ លោក សុខ ផេង បានសំដែងការអបអរសាទដល់ក្រុមសិស្សជាប់និទ្ទេស A ទាំង៣នាក់ នៅក្នុងស្រុកទ្រាំង ហើយលទ្ធផលដ៏ល្អនេះ មិនត្រឹមតែផ្ដល់កិត្តិយសដល់ក្រុមគ្រូសារក្មួយៗ ប៉ុណ្ណោះទេ វាថែមទាំងបានកម្ពស់ដល់មុខមាត់សាលា លោកគ្រូ អ្នកគ្រូ និងស្រុកទ្រាំងទាំងមូលមូលផងដែរ។
លោក សុខ ផេង បានបន្ថែមថា «ប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ដូច្នោះសូមក្មួយៗ ខិតខំសិក្សាឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីក្លាយជាធនធានមនុស្សដែលមានសមត្ថភាព និងនាំគ្នាចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀត»។
គួរបញ្ជាក់ថា លទ្ធផល នៃការប្រឡងសញ្ញាបត្របាក់ឌុបជាប់សម្រាប់ខេត្តតាកែវនេះ មានចំនួនអ្នកប្រឡងជាប់សរុបចំនួន៥៧៩៣នាក់ គិតជាភាគរយគឺស្មើរនិង៥៤,៦៦ភាគរយ។ ក្នុងនោះ មានបេក្ខជនជាប់និទ្ទេស A មានចំនួន២៤នាក់, និទ្ទេស B ចំនួន១៣៩នាក់, និទ្ទេស C ចំនួន៤០៩នាក់, និទ្ទេស D ចំនួន៨២០នាក់, និងនិទ្ទេស E ចំនួន ៤៤០១នាក់៕