(ព្រះវិហារ)៖ ដោយមានការយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋ ផ្តោតសំខាន់ទៅលើការបរិភោគម្ហូបអាហារ ក៏ដូចជា គ្រឿងភេសជ្ជផ្សេងៗនោះ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តព្រះវិហារ ដឹកនាំដោយលោក ដួង មុនី ប្រធានសាខា សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យតូបលក់ទំនិញនានាៗ នៅក្នុងផ្សារកំពង់ប្រណាក ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។
លោក ដួង មុនី បានឲ្យដឹងថា ក្នុងការត្រួតពុនិត្យក្នុងឱកាសនោះ គឺក្រុមការងារ បានយកចិត្តទុកដាក់ផ្តោតសំខាន់ទៅលើគ្រឿងវិចខ្ចប់ ដាក់ក្នុងស្លាដក សម្រាប់ប្រគេនព្រះសង្ឃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងគ្រឿងភេសជ្ជនានាមួយចំនួនទៀតផងដែរ។
លោកបន្តថា ជាលទ្ធផលបានរកឃើញ និងដកហូតទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖ ទឹកក្រូចចម្រុះចំណុះ១១.៨៥លីត្រ, ទឹកអ៊ីឈីតាន់ ចំណុះ២២លីត្រ, នំចម្រុះទម្ងន់០.២៧គីឡូក្រាមក្រាម, តែកញ្ចប់ទម្ងន់២គីឡូក្រាម ត្រីខកំប៉ុងទម្ងន់៦គីឡូក្រាម និងទឹកម្ទេសទម្ងន់០.៥គីឡូក្រាម។
ឆ្លៀតក្នុងឱកាសនោះ លោក ដួង មុនី បានធ្វើការអប់រំណែនាំបន្ថែមឲ្យអាជីវករលក់ដូរ ត្រូវមានការគិតគូរជាចម្បងដល់សុខភាពអ្នកទិញ ហើយរាល់ទំនិញដែល ទិញមកលក់ដូរ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ជាមុន។ ជាមួយគ្នានោះ លោកប្រធានសាខាកាំកុងត្រូល ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ត្រូវចេះមានការត្រួតពិនិត្យមើលរាល់ការទិញទំនិញផ្សេងៗ ជៀសវាងទិញអស់ថវិកាហើយប៉ះពល់ពីសុខភាព៕