(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ឯ.ក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាមួយក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៉ិនវេសម៉ិន ឯ.ក ដែលជាកិច្ចព្រមព្រៀងគួរឱ្យកត់សម្គាល់ទី២ របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ជាមួយក្រុមហ៊ុនឧបករណ៍និស្សន្ទ ក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍។
ផ្អែកទៅលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ទំនាក់ទំនង និងការសហការរវាងក្រុមហ៊ុនទាំង២បានក្លាយជាផ្លូវការ និងត្រូវបានពង្រឹងលើស្ថានភាពការងារ និងយុទ្ធសាស្ត្រ ដោយផ្តោតសំខាន់លើវិសាលភាពនៃការបង្កើនការយល់ដឹង និងទំនុកទុកចិត្តជាសាធារណៈបន្ថែមទៀត លើការវិនិយោគក៏ដូចជាការអភិវឌ្ឍន៍ គ្រប់ទិដ្ឋភាពទាំងអស់នៃទីផ្សារហិរញ្ញវត្ថុកម្ពុជា។
ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងក្រោមសក្ខីភាពលោក សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា លោកបណ្ឌិត វិន ភក្តី ប្រធាននាយកដ្ឋានត្រួតពិនិត្យ អន្តរការីមូលបត្រនៃគណៈកម្មការមូលបត្រកម្ពុជា រួមជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនទាំង២ លោកស្រី ឆាយ លក្ខិណា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និងលោក Christophe Chheang នាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៉ិនវេសម៉ិន បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីចាប់ផ្តើមនិងប្រកាសកិច្ចសហប្រតិបត្តិការជាផ្លូវការ។
លោកស្រី ឆាយ លក្ខិណា ថ្លែងថា «ថ្ងៃនេះជាថ្ងៃពិសេសដែលក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និងក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៉ិនវេសម៉ិន បានឈានទៅដល់ការចុះកិច្ចព្រមព្រៀង លើភាពជាដៃគូពាណិជ្ជកម្ម ដែលផ្ដល់សារៈប្រយោជន៍ជាច្រើន សម្រាប់វិនិយោគិន។ ខ្ញុំសូមអរគុណក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៉ិនវេសម៉ិន សម្រាប់ការចូលរួមជាមួយពួកយើង»។
លោកស្រីបន្ដទៀតថា ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៉ិនវេសម៉ិន ជាក្រុមហ៊ុនល្អមួយដូច្នេះយើងអាចរួមគ្នាបង្កើត និងផ្ដល់នូវអ្វីដែលល្អបំផុត ដល់វិនិយោគិនក៏ដូចជា វិស័យហិរញ្ញវត្ថុទាំងមូល។ លោកស្រីបានបន្ដទៀតថា «ខ្ញុំក៏សូមអរគុណដល់គណៈកម្មការមូលបត្រកម្ពុជា ចំពោះការជួយជ្រោមជ្រែងកន្លងមក ហើយក្រោមការត្រួសត្រាយ របស់គណៈកម្មការមូលបត្រកម្ពុជា យើងជឿជាក់ថា ទីផ្សារឧបករណ៍និស្សន្ទកម្ពុជា នឹងបន្តអភិវឌ្ឍតទៅទៀត។ យើងទាំងអស់គ្នា បាននិងកំពុងស្ថិតនៅលើដំណើរដ៏ស្រស់ស្អាតមួយ ហើយនឹងសម្រេចនូវសមិទ្ធិផលថ្មីៗបន្ថែមទៀតនាពេលអនាគត»។
លោក Christophe Chheang បានសម្តែងភាពរីករាយចំពោះការចុះហត្ថលេខា លើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំង២នេះ។ លោកបានលើកឡើងថា «ខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀងនេះជាព្រឹត្តិការណ៍សំខាន់មួយ សម្រាប់ការរីកចម្រើនរបស់ក្រុមហ៊ុនទាំង២ ក្នុងនាមក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ជាក្រុមហ៊ុនសមភាគីកណ្ដាលឈានមុខគេ និងក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៉ិនវេសម៉ិន ជាក្រុមហ៊ុនមួយក្នុងចំណោម ក្រុមហ៊ុនឈ្មួញជើងសា។ យើងរំពឹងខ្ពស់លើការសហការគ្នានេះ ហើយនឹងប្រើប្រាស់ឲ្យបានពេញលេញ លើជំនាញឯកទេស និងបទពិសោធន៍របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង សម្រាប់ការលូតលាស់នៃវិស័យនេះ»។
លោកបន្ថែមថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានកត់សម្គាល់សាមគ្គីភាពនៃដៃគូពិតប្រាកដមួយ ហើយនេះជាពេលវេលាដ៏សាកសម ដូច្នេះត្រូវតែចាប់យកឱកាស ដើម្បីទាញយកនូវអ្វីដែលវិស័យនេះ។
កិច្ចព្រមព្រៀងលើភាពជាដៃគូពាណិជ្ជកម្ម ជាមួយក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៉ិនវេសម៉ិន អនុញ្ញាតឱ្យក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បន្ថែមដៃគូមួយទៀតក្នុងដំណើរឆ្ពោះទៅភាព រុងរឿងនៃទីផ្សារហិរញ្ញវត្ថុកម្ពុជា។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង កាន់តែក្លាយជាបណ្ដុំនៃចំណាប់អារម្មណ៍របស់ស្ថាប័នផ្សេងៗ ជាពិសេសស្ថាប័នឧបករណ៍និស្សន្ទ៕