(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ទើបចុះហត្ថលេខាលើកិច្ចសហប្រតិបតិ្តការ ជាមួយអង្គការដោះមីនជប៉ុន (JMAS) លើការផ្តល់ជំនួយ៤២ម៉ឺនដុល្លារអាមេរិក។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ប្រាប់ Fresh News ថា «ជំនួយជាថវិកាប្រមាណ៤២ម៉ឺនដុល្លារអាមេរិកនេះ សំរាប់បោសសំអាតចំការមីនជាអាទិភាពខ្ពស់ៗជាង៣០០ហិចតា ស្ថិតនៅស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ថវិកានេះឧបត្ថម្ភគាំទ្រដោយរដ្ឋាភិបាលជប៉ុន»។
អគ្គនាយករូបនេះ បានបញ្ជាក់ទៀតថា គំរោងនេះក៏មានគាំទ្រអ្នករងគ្រោះដោយសារមីន តាមរយៈការអភិវឌ្ឍន៍ក្នុងមូលដ្ឋានកុំនៃ តំបន់បោសសំអាតមីនរួចផងដែរ។ គំរោងនេះមានរយៈពេល១២ខែ (ចាប់ពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩)។
សូមជម្រាបថា នៅឆ្នាំ២០១៨នេះ ស៊ីម៉ាក់បានដាក់ចេញផែនការបោសសំអាតផ្ទៃដីចំការមីន ឲ្យបាន១២០គីឡូម៉ែត្រការ៉េ ត្រូវការជំនួយប្រមាណ១៨លានដុល្លារអាមេរិក៕