(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសលទ្ធផលផ្លូវការមួយ អំពីការអញ្ជើញចូលរួមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងសម័យប្រជុំលើកទី៧៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ក្នុងនាមជាប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបទអន្តរាគមន៍នៅចំពោះមុខអង្គមហាសន្និបាត ដោយបានរំលេចពីមុខមាត់ថ្មីរបស់កម្ពុជា នៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យប្រកបដោយស្ថិរភាព និងសមិទ្ធផលសេដ្ឋកិច្ចសង្គមគួរឲ្យកត់សម្គាល់ បន្ទាប់ពីទទួលបានសន្តិភាព និងស្ថិរភាពពេញលេញនៅទូទាំងប្រទេស។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនស្របតាម «គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា» ដែលនឹងត្រូវអនុម័តក្នុងពេលដ៏ឆាប់ខាងមុខ។
ទាក់ទងនឹងកិច្ចការអន្តរជាតិ សម្តេចតេជោ ហ៊ុន សែន បានលើកឡើង ពីការព្រួយបារម្ភចំពោះការគំរាមកំហែង នៃនិន្នាការឯកតោភាគីនិយម ដែលបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធពហុភាគីនិយម និងបង្អាក់កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីឈានទៅរកគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមសន្តិសុខរួមផ្សេងៗទៀត។
សម្តេចប្រមុខនៃរាជរដ្ឋាភិបាល បានអំពាវនាវឲ្យគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងជៀសវាងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា ក្រោមលេសការពារសិទ្ធិនយោបាយ។ ករណីជាក់ស្តែងរបស់កម្ពុជា ដែលមជ្ឈដ្ឋានខាងក្រៅមួយចំនួន នៅតែចិញ្ចឹមមហិច្ឆតារបស់ខ្លួនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយធ្វើជាមើលមិនឃើញនូវគុណភាព និងសុចរិតភាព នៃដំណើរការបោះឆ្នោតរបស់កម្ពុជា តាមរយៈការចេញសេចក្តីថ្លែងការណ៍នានាប្រឆាំង ឬធ្វើការវាយប្រហារលើលទ្ធផលនៃការបោះឆ្នោត៕
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលមាននៅខាងក្រោមនេះ៖