(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការស៉ើបអង្កេត កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានលបឆ្មក់បង្ក្រាបឃាត់ខ្លួនជាក់ស្ដែង ចំពោះជនសង្ស័យម្នាក់ ពីបទជួញដូរនូវសារធាតុញៀន ដោយដកហូតបានថ្នាំញៀន១៧កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ នៅត្រង់ចំណុចក្រុមទី១ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ឲ្យបានដឹងពីលោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ។
លោកអធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យដែលបង្ក្រាបឃាត់ខ្លួនបានក្នុងបទល្មើសជួញដូរថ្នាំញៀនមានឈ្មោះ ចាង តៃលាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាព្រុំ ឃុំកុំពង់អូស ស្រុកពញឮខេត្តកណ្តាល។
បើតាមអធិការនគរបាលខណ្ឌឫស្សីកែវ មុនឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនខាងលើនេះ គឺបានអនុវត្តឡើង ក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទាំងកម្លាំងនគរបាលខណ្ឌ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ ដើម្បីកំណត់ពីទីតាំង និងពេលវេលានៃការធ្វើសកម្មភាពប្រប្រត្តចែកចាយជួញដូរ ទើបឈានដល់ការលបឆ្មក់បង្ក្រាបតែម្ដង ដោយក្នុងប្រតិបត្តិការនោះ ដកហូតបានក្រាមសថ្លា សង្ស័យជាថ្នាំញៀនចំនួន១៧កញ្ចប់ ក្នុងនោះមាន១កញ្ចប់ថង់ធំល្មម ដោយឃាត់ខ្លួនជនសង្ស័យផងដែរ។
លោកអធិការខណ្ឌថា ក្រោយពីបង្ក្រាបឃាត់ខ្លួនជនសង្ស័យភ្លាមៗ រួមជាមួយវត្ថុតាង ត្រូវបាននាំមកបន្តឃុំខ្លួនសាកសួយកចម្លើយនៅអធិការដ្ឋាននគរបាលខណ្ឌ ក្នុងការកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕