(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ពិធីបុណ្យភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យជាតិប្រពៃណីខ្មែរ ដែលត្រូវបានប្រជាពលរដ្ឋគោរពប្រតិបត្តិតាមគន្លងនៃ ព្រះពុទ្ធសាសនាមកតៗគ្នាជាយូរលង់មកហើយ នេះក៏ដោយសារប្រទេសមានសុខសន្តិភាព ស្ថេរភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលបានគាំទ្រ និងយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនា បានធ្វើឱ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស ប្រជាជនខ្មែរគ្រប់រូបមាន សិទ្ធិសេរីភាព ក្នុងការគោរពសាសនាគ្រប់ពេលវេលា ដែលវាខុសគ្នាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានលុបបំបាត់វិស័យព្រះពុទ្ធសាសនា ធ្វើឱ្យប្រទេសកម្ពុជា ធ្លាក់ក្នុងភ្លើងសង្រ្គាម។

ការលើកឡើងរបស់លោក វង សូត បានធ្វើឡើងខណៈលោក ព្រមទាំងលោកស្រី និងថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ច បានអញ្ជើញចូលរួមកាន់បិណ្ឌទី១០ នៅវត្តទួលកែវអំពុក ហៅវត្តគិរីណារាម ស្ថិតនៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ។

ថ្លែងនាឱកាសនោះដែរ រដ្ឋមន្ត្រី វង សូត បានលើកឡើងថា ការកាន់បិណ្ឌបុណ្យភ្ជុំបិណ្ឌនេះ ជាប្រពៃណីតាំងពីដូនតាខ្មែរ ហើយគោលបំណងនៃពិធីភ្ជុំបិណ្ឌនេះ គឺដើម្បីទុកលទ្ធភាពឲ្យព្រះសង្ឃ គ្រប់ព្រះអង្គ គង់ចាំព្រះវស្សា នៅក្នុងទីអារ៉ាម។ ម៉្យាងទៀត គឺដើម្បីរំឭកដល់វិញ្ញាណក្ខន្ធបុព្វការីជនដែល បានលាចាកលោកនេះ ទៅកាន់លោកខាងមុខ។

រដ្ឋមន្ត្រីបានបន្តទៀតថា កុសលផលបុណ្យ ដែលបានធ្វើក្នុងថ្ងៃវេនបិណ្ឌទី១០នេះ បានរួមចំណែកនៃកុសលផលបុណ្យក៏ដូចជាឧទ្ទិសជូនចំពោះ ដួងវិញ្ញាណក្ខន្ធ អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានបូជាអាយុជីវិត ក្នុងបុព្វហេតុការពារ និងកសាងជាតិមាតុភូមិ និងប្រជាជន សូមឱ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងនោះចាប់កំណើតកើត ក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

នាឱកាសនោះ រដ្ឋមន្រ្តី វង សូត បានប្រគេនបច្ច័យ ចំនួន៤ពាន់ដុល្លាអាមេរិក សម្រាប់ក៏សាងព្រះវិហារ និងនាំយកសំភារៈបរិក្ខារ រួមមាន អង្ករ ទឺកក្រូច ទឹកសុទ្ធ មី ជូនដល់ចៅអធិការវត្ត ដើម្បីប្រើបា្រស់ នៅក្នុងវត្តទួលកែវអំពុកនេះផងដែរ។ ក្រៅពីនោះ ក៏មានការផ្តល់ជូនថវិការ ដល់ ចាស់ព្រឹទ្ធចារ្យ លោកតា លោកយាយ និងប្រជាការពារភូមិ ប្រមាណជាង១០០នាក់ ក្នុងម្នាក់ៗទទួលបានបច្ច័យចំនួន១ម៉ឺនរៀល និងប្រគេនដល់ព្រះសង្ឃ១អង្គ៥ម៉ឺនរៀល ព្រមទាំងអ្នកប្រគំភ្លេងនៅក្នុងកម្មវិធីដោយ១ក្រុមទទួលបានថវិកាចំនួន ៦០ម៉ឺនផងដែរ ៕