(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះពិនិត្យទំនិញនៅតាមដេប៉ូចែកចាយស្រាបៀរ ស្តង់ និងតូបលក់ទំនិញធំៗ នៅក្នុងក្រុងពោធិ៍សាត់។
លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្នុងគោលបំណងធានានូវសុខុមាលភាពការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ កម្លាំងជំនាញកាំកុងត្រូលរបស់លោកបានចុះអង្កេតតាមស្តង់ ដេប៉ូចែកចាយធំៗ ក្រែងមានអាជីវករខ្លះបញ្ចេញផលិតផលទំនិញ ដែលហួសកាលបរិច្ឆេទលក់ទៅឲ្យពលរដ្ឋតាមជនបទដាច់ស្រយាល។
លោកបានបន្តថា នៅក្នុងប្រតិបត្តិការនេះ ជាលទ្ធផលក្រុមការងារ រកពុំឃើញមានទំនិញខូចគុណភាព ទំនិញហាមឃាត់ ទឹកភេសជ្ជៈហួសកាលបរិច្ឆេទនោះទេ ព្រោះថាក្រុមអាជីវករកាន់តែមានការយល់ដឹងពីសុខភាព ចំណីអាហារខ្ពស់នាពេលបច្ចុប្បន្ននេះ។
លោក តូច ចៅកុយ ក៏បានធ្វើការណែនាំដេប៉ូចែកចាយ ស្តង់ និងតូចលក់ទំនិញធំៗទាំងអស់ត្រូវចេះត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះកាលបរិច្ឆេទនៃទំនិញ និងហាមដាក់តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទប្រើប្រាស់នេះផងដែរ៕