(ភ្នំពេញ)៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងដើម្បីធានានូវសុខុមាលភាពការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងត្រួតពិនិត្យទៅលើម្ហូប អាហារ វេចខ្ចប់ស្រាប់ ព្រមទាំងគ្រឿងឧបភោគ បរិភោគប្រចាំថ្ងៃចំនួន២១គំរូ។
មន្រ្តីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានឲ្យដឹងថា ផលិតផលទាំង២១គំរូ រួមមាន៖ សណ្តែកបណ្តុះ, ត្រីប្រាសំយ៉ុង, សាច់ក្រក, ប្រហិតសាច់គោ, ប្រហិតត្រី, សរសៃ, មីលឿង, នំបញ្ចុក, ឈាមជ្រូក, ខ្ញីហាន់រួច, ដើមចេកហាន់ត្រាំទឹក, ត្រយ៉ូងចេកហាន់ត្រាំទឹក, ស្លឹកគ្រៃហាន់រួច, ស្ករត្នោត, ប្រហុក, ត្រីប្រម៉ា, ត្រូវបានយកមកពិនិត្យវិភាគបឋម ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។
មន្រ្តីជំនាញកាំកុងត្រូលបានបន្តថា ជាលទ្ធផលផលិតផលដែលបានពិនិត្យទាំង២១គំរូនេះ មានអនុលោមភាព សុវត្ថិភាពទាំងអស់ ហើយចំពោះការពិនិត្យមើលទំនិញវេចខ្ចប់ស្រាប់ ក៏ពុំត្រូវបានរកឃើញមានទំនិញខូចគុណភាព ហួសកាលបរិច្ឆទកំណត់ប្រើប្រាស់ដែរ។
ក្នុងពេលចុះពិនិត្យគុណភាពទំនិញនោះ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏បានអប់រំណែនាំ និងផ្សព្វផ្សាយតាមរយៈការចែកជូននូវផ្ទាំងរូបភាព Poster ដល់អាជីវករ និងអតិថិជនជាអ្នកប្រើប្រាស់ផងដែរ។
មន្រ្តីកាំកុងត្រូល ក៏បានធ្វើការណែនាំដល់អាជីវករលក់ដូរទាំងអស់ អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវស្របទៅតាមយថាប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់តេរីផ្សេងៗផងដែរ និងបានសំណូមពរដល់អាជីវករនៅក្នុងផ្សារ និងតាមផ្ទះឲ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទនៃទំនិញ និងហាមដាក់តាំងលក់ទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់៕