(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកសាលាក្តីខ្មែរក្រហម និងលោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកស្រី ហ្វីការ៉ា ណាឌីយ៉ា​ មន្ត្រី​សារមន្ទីរ នៃការចងចាំហូឡូកូសសហរដ្ឋអាមេរិក ​នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ​២០១៨នេះ នៅមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ទាក់ទង នឹងអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា។​

ជំនួបពិភាក្សាដែលបានធ្វើឡើងរវាងភាគីទាំងពីរ ដើម្បីផ្តោតជាសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ និងសារមន្ទីរហូឡូកូស ក៏ដូចជាដើម្បីត្រៀមរៀបចំដំណើរទស្សនកិច្ច របស់នាយកសារមន្ទីរហូឡូកូស និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៅក្នុងអំឡុងឆ្នាំ​២០១៩​ខាងមុខ។​

លោក កែវ រ៉េមី បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ ​ដើម្បីបុព្វហេតុការចងចាំសម្រាប់មនុស្សជាតិ ដែលមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ទាក់ទង នឹងសាលាក្តីខ្មែរក្រហម នឹងដើរតួនាទីសំខាន់ ក្នុងការតម្កល់ទុកនូវឯកសារសំណុំរឿង នៅចំពោះមុខសាលាក្តីខ្មែរក្រហម ដើម្បីប្រើប្រាស់ជាប្រយោជន៍ សម្រាប់សាធារណជនជាតិ និងអន្តរជាតិ។ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់នេះ បច្ចុប្បន្នបានទទួលឯកសារ មួយចំនួនពីសាលាក្តីខ្មែរក្រហម ក្នុងនោះមានឯកសារទាក់ទងនឹងសំណុំរឿង​០០១ ប្រឆាំងនឹងអតីតប្រធាន គុកទួលស្លែង កាំង ហ្គេកអ៊ាវ ហៅឌុច។​

លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី នៃសាលាក្តីខ្មែរក្រហម បានគូសបញ្ជាក់ពី បេសកកម្មរបស់សាលាក្តីខ្មែរក្រហម ក្នុងការជំនុំជម្រះក្តីលើ អតីតមេដឹកនាំខ្មែរក្រហម និងអ្នកទទួលខុស​ត្រូវខ្ពស់ ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ដើម្បីនាំយកយុត្តិធម៌ជូនប្រជាជនកម្ពុជា។​

លោក ក្រាញ់ តូនី បាន ថ្លែងថាមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ទាក់ទងនឹងសាលាក្តីខ្មែរក្រហម គឺជាកន្លែងងាយស្រួលបំផុតសម្រាប់​សាធារណជន ក្នុងការសិក្សាស្រាវជ្រាវ ពីឯកសារសំណុំរឿងដែលបានប្រើប្រាស់នៅសាលាក្តីខ្មែរក្រហម។ ឯកសារសាធារណៈទាំងនេះ គឺជាកេរ្ដិ៍តំណែល នៃដំណើរការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ក៏ដើរតួនាទីសំខាន់ ក្នុងការចងចាំពីរបបប្រល័យពូជសាសន៍​ខ្មែរក្រហម ក៏ដូចជាការចូលរួមទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបសាហាវឃោរឃៅ៕