(ភ្នំពេញ)៖ កសិករប្រកបរបរដាំដំណាំ និងការចិញ្ចឹមសត្វចាប់ផ្ដើមមានសង្ឃឹម បន្ទាប់ពីមានក្រុមហ៊ុនឯកជន២នៅកម្ពុជា ប្រកាសចុះបង្រៀននូវបច្ចេកទេសចិញ្ចឹមសត្វ, បច្ចេកទេសដាំដំណាំកសិកម្ម ដែលធ្វើឲ្យកសិករចំណាយតិចទទួលផលច្រើន បន្ថែមលើសពីនេះ ក្រុមហ៊ុនទាំង២សន្យាទទួលទិញផលិតផលកសិកម្ម និងទិញសត្វពីប្រជាកសិករក្នុងតម្លៃលើទីផ្សារ ដើម្បីនាំចូលមកក្រុមហ៊ុនកែច្នៃនាំចេញ និងដាក់លក់លើទីផ្សារផងដែរ។
ក្រុមហ៊ុនធំៗទាំង២នេះរួមមាន៖ ក្រុមហ៊ុន អង្គរហ្គ្រីន អ៊ិនវេសមេន អេន ឌីវេឡុបមេន លីមីតធីត និងក្រុមហ៊ុនមាន់ស្រែ ហើយនាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការ «ការចូលរួមជាមួយគ្នា ដើម្បីគាំទ្រផ្នែកទីផ្សារកាន់តែទូលាយ ដល់កសិករចិញ្ចឹមសត្វកម្ពុជា»។
ការចុះហត្ថលេខានេះ ធ្វើឡើងក្រោមការចូលរួមពីសំណាក់លោក វ៉ាន់ ឬទ្ធី នាយកប្រតិបត្តិផ្នែកប្រព័ន្ធស្រោចស្រព និងអង្គរហ្គេប លោក ថាន់ សាមឌី តំណាងក្រុមហ៊ុនមាន់ស្រែ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបថែមទៀតផង។ ការចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំង២នេះ ធ្វើឡើងដើម្បីផ្ដល់ប្រយោជន៍ ដល់កសិករ, ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ ទូទាំងប្រទេសកម្ពុជា។
លោក វ៉ាន់ ឬទ្ធី បានថ្លែងឲ្យដឹងថា កត្តាដែលធ្វើឲ្យក្រុមហ៊ុនទាំង២ ឈានដល់កិច្ចព្រមព្រៀងគឺ ដើម្បីគាំទ្រកសិករកម្ពុជា ផលិតកសិផលមានគុណភាព និងចំណាយតិច។ ដោយក្នុងនោះក្រុមហ៊ុនអង្គរហ្គ្រីន មានបុគ្គលិកជំនាញចុះទៅបង្រៀន និងចុះទៅមើលផ្ទាល់ដល់ចំការ និងកសិដ្ឋាន របស់កសិករជាប្រចាំ ដើម្បីណែនាំឲ្យពួកគាត់ដាំដំណាំ និងចិញ្ចឹមសត្វមានបច្ចេកទេសត្រឹមត្រូវ។
លោកបានបន្ដទៀតថា ក្រុមហ៊ុនអង្គរហ្គ្រីនបានគាំទ្របច្ចេកទេសចិញ្ចឹមសត្វ និងដាំដុះជាង៧ឆ្នាំមកហើយឯការគាំទ្រលើទីផ្សារវិញ ក្រុមហ៊ុនបានអនុវត្តជាង១ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។ លោកថា «ការចូលរួមគ្នារវាងក្រុមហ៊ុនអង្គរហ្គ្រីន និងក្រុមហ៊ុនមាន់ស្រែនេះ នឹងពង្រីកវិសាលភាពនៃការតភ្ជាប់ ពីអ្នកផលិតមកកាន់ទីផ្សារកាន់តែធំជាងមុន»។
លោកថា មួយវិញទៀតក្រុមហ៊ុន នឹងណែនាំយន្តការទីផ្សារទំនើបមួយ ដែលមិនធ្លាប់មាននៅកម្ពុជា ពិសេសប្រព័ន្ធនៃការចែកចាយសាច់ជ្រូកសុវត្ថិភាព មាន់ស្រែសុវត្ថិភាព បន្លែផ្លែឈើ និងកសិផលសុវត្ថិភាព ដែលកែច្នៃប្រកបដោយអនាម័យ និងគុណភាពទាំងនោះតាមរយៈការចែកចាយ ដែលមានវិសាលភាពធំទូលាយ ធានាអនាម័យ ភាពងាយស្រួល និងទំនើប អាចងាយស្រួលរកទិញ ព្រមទាំងអាចបញ្ជាទិញកសិផល។
លោកបានបន្ដទៀតថា កន្លងទៅមានប្រជាពលរដ្ឋតែងតែ មិនទទួលបានផលគាប់ប្រសើរ ឯចំណាយផលិតកម្មខ្ពស់ ទីផ្សារមិនទៀងទាត់ នាំឲ្យខាតបង់សេដ្ឋកិច្ច និងនាំឲ្យកសិផលផលិតមិនអាចឆ្លើយតបតាមគុណភាព និងស្តង់ដារ ជាហេតុនាំឲ្យពិបាករកទីផ្សារ។ ដោយមើលឃើញពីបញ្ហានេះ ក្រុមហ៊ុនទាំង២បានផ្ដល់ដំណោះស្រាយ ដល់ប្រជាកសិករដោយចុះណែនាំ ពីបច្ចេកទេសដាំដំណាំ, ចិញ្ចឹមសត្វ ឲ្យបានត្រឹមត្រូវ និងទទួលទិញពីប្រជាពលរដ្ឋក្នុងតម្លៃដ៏សមរម្យ។
លោក ថាន់ សាមឌី បានឲ្យដឹងថា ការចូលសហការជាមួយក្រុមហ៊ុន អង្គរហ្គ្រីន នឹងនាំឲ្យកិច្ចសហប្រតិបត្តិការទទួលបានជោគជ័យខ្ពស់។ ដូចអ្នកទាំងអស់គ្នាដឹងហើយថា ក្រុមហ៊ុនអង្គរហ្គ្រីនបានគាំទ្រកសិករទូទាំងប្រទេស ដើម្បីផលិតកសិផលប្រកបដោយសុវត្ថិភាព និងក្នុងថ្លៃដើមទាបជាច្រើនឆ្នាំមកហើយ។
លោកបន្ដទៀតថា ក្រុមហ៊ុនទាំង២នឹងមានផែនការ ក្នុងការពង្រីកវិសាលភាព និងបណ្តាញចែកចាយមានស្រាប់ឲ្យបានទូលំទូលាយ។ ដោយមានគំរោងទិញមាន់ស្រែសុវត្ថិភាព ពីកសិករខ្នាតតូច និងមធ្យម រួមទាំងសហគមន៍កសិករចិញ្ចឹមមាន់ស្រែឲ្យបាន១ថ្ងៃ១ពាន់ក្បាល។ ឯចំពោះជ្រូកខ្មែរសុវត្ថិភាពវិញ យើងនឹងពង្រីកការទទួលទិញពីកសិករឲ្យបានប្រមាណ៣០ក្បាលក្នុង១ថ្ងៃ។
លោកបានបន្ថែមទៀតថា តាមការគ្រោងទុក «ការចូលរួមរវាងក្រុមហ៊ុនទាំង២នេះ នឹងគាំទ្រផ្នែកទីផ្សារកាន់តែទូលាយដល់ កសិករចិញ្ចឹមសត្វនៅកម្ពុជា ហើយក៏ផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូច និងមធ្យមទូទាំងប្រទេស រួមទាំងសហគមន៍កសិករផងដែរ។ លើសពីនេះប្រជាកសិករ នឹងអាចសិក្សារៀនសូត្របច្ចេកទេសដោយអនុវត្តជាក់ស្តែង ហើយនៅពេលដែលពួកគាត់ផលិតបាន គឺមានទីផ្សារស្រាប់តែម្ដង»។
លោកថា គម្រោងនេះនឹងចាប់ផ្តើមអនុវត្តក្នុងខេត្តចំនួន១២នៅជុំវិញរាជធានីភ្នំពេញ និងឈានទៅពង្រីកវិសាលភាពគ្រប់ខេត្តក្រុងក្នុងឆ្នាំ២០២០៕