(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងជំរុញ និងលើកទឹកចិត្ដដល់គ្រូពេទ្យទូទាំងប្រទេស ត្រូវបន្ដយកចិត្ដទុកដាក់ខ្ពស់ ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ ពិសេសត្រូវរួមគ្នាលើស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ ព្រោះមនុស្សចាស់ ងាយប៉ះទង្កិច និងបាក់ទឹកចិត្ដជាងវ័យដទៃ។
រដ្ឋមន្ដ្រីបានថ្លែងបែបនេះ ក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១តុលា ក្រោមប្រធានបទ «សមាគមន៍មនុស្សចាស់ ជាយន្តការដ៏សំខាន់ ក្នុងការថែរក្សាវប្បធម៌ គ្រួសារ និងសង្គមជាតិ» ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ នាមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។
លោកសាស្ដ្រាចារ្យ ថ្លែងបន្ដថា ក្នុងនាមជាគ្រូពេទ្យ ត្រូវតែប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈរបស់យើង ទាំងចំណេះ ជំនាញសមត្ថភាពរបស់យើង ប្រកបដោយក្រមសីលធម៌ ពិសេសត្រូវចេះសាមគ្គីគ្នា និងយកចិត្ដទុកដាក់ពិនិត្យព្យាបាលអ្នកជំងឺ ដូចនឹងសមាជិកគ្រួសាររបស់យើងដូច្នេះដែរ ។ក្នុងនោះ ការថែទាំលើកទឹកចិត្ដ ជាផ្នែកមួយដ៏សំខាន់ ដែលប្រជាពលរដ្ឋត្រូវការជាជំហានដំបូង។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងទៀតថា «តួយ៉ាងក្នុងឱកាសទិវាមនុស្សមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិ ១តុលានេះ ក្រោមប្រធានបទ «សមាគមន៍មនុស្សចាស់ ជាយន្តការដ៏សំខាន់ ក្នុងការថែរក្សាវប្បធម៌ គ្រួសារ និងសង្គមជាតិ» គឺជាប្រធានបទមួយ ដែលផ្តោតលើការលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាព សំដៅលើស្ទួយសុខុមាលភាព របស់មនុស្សវ័យចាស់ ឲ្យកាន់តែប្រសើរឡើង ហើយទិវានេះ បានបង្ហាញឲ្យឃើញពីតួនាទីដ៏សំខាន់ របស់មនុស្សវ័យចាស់ បុព្វការីជន ដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ ព្រមទាំងផ្ដល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍យ៉ាងច្រើនឥតគណនា សម្រាប់មនុស្សជំនាន់ក្រោយ»។
លើសពីនោះ ក្នុងគោលបំណងយកចិត្ដទុកដាក់ ខ្ពស់ចំពោះមនុស្សចាស់នៅកម្ពុជា រាជរដ្ឋាភិបាល ក៏បានបង្កើតគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ដោយអនុវត្ដនូវតួនាទី និងភារកិច្ច ដែលមានជាអាទិ៍ៈ រៀបចំគោលនយោបាយ ដើម្បីលើកស្ទួយសុខុមាលភាព របស់មនុស្សវ័យចាស់ និងរៀបចំទិវាមនុស្សចាស់ នៅកម្ពុជា ដោយកំណត់យកថ្ងៃទី០១ ខែតុលា ជារៀងរាល់ឆ្នាំ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់លើទិវាមនុស្សចាស់ និងទិវាមនុស្សចាស់អន្តរជាតិ ដែលជាទិវាបុណ្យរំលឹកដល់គុណូបការ:របស់មនុស្សវ័យចាស់ និងទិវាមនុស្សចាស់កម្ពុជា បុព្វការីជន ជីដូនជីតា ឪពុកម្តាយ អ៊ុំ ពូ មីង ដែលបានកសាង និងបន្សល់ទុកនូវកេរមរតកដ៏ថ្លៃថ្លា សម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត៕