(ភ្នំពេញ)៖ នាឱកាសទទួលជួបជាមួយគណៈប្រតិភូយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ២៩រូប នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី​០៤​ ខែតុលា ឆ្នាំ២០១៨នេះ​ លោក អ៉ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់អនុសាសន៍ល្អៗជាច្រើនដល់យុវជនខាងលើ ក្នុងគោលបំណងជំរុញឱ្យពួកគេខិតខំសិក្សាឱ្យបានច្បាស់ពីភាពរីកចម្រើនរបស់ប្រទេសនីមួយៗ ដើម្បីពាំនាំនូវបទពិសោធន៍ល្អៗយកមកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួន។

លោករដ្ឋមន្រ្ដីបានផ្ដល់ការណែនាំថា យុវជនកម្ពុជាត្រូវខិតខំសិក្សាស្វែងយល់បន្ថែមទៀត អំពីចំណេះដឹងទូទៅទាក់ទងនឹងស្ថាប័ន តំបន់ និងអន្តរជាតិនានា ដែលកម្ពុជាជាសមាជិក ក្នុងនោះមានដូចជា អាស៊ាន អន្តរសភាអាស៊ាន និងអង្គការអន្តរជាតិផ្សេងៗទៀត រួមទាំងអត្ថប្រយោជន៍ដែលកើតចេញពីកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាអង្គការទាំងនោះសម្រាប់កម្ពុជា។

លោកបាន​បន្ដថា យុវជនដែលជាប្រតិភូទាំងអស់ត្រូវយកចិត្តទុកដាក់ និងសិក្សារៀនសូត្រពីស្ថានភាពរបស់ប្រទេសដទៃ និងអំពីភាពរីកចម្រើនរបស់ប្រទេសនោះ ដើម្បីពាំនាំនូវចំណុចល្អៗយកមកអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន ជាពិសេសយុវជនទាំងអស់ត្រូវធ្វើជាមគ្គុទ្ទេសក៍ដ៏ល្អ ជាអ្នកការទូតតំណាងឲ្យកម្ពុជា ដោយរក្សាឲ្យបាននូវកិត្តិយស តម្លៃ និងវប្បធម៌របស់ជាតិ ដោយត្រូវព្យាយាមលើកកម្ពស់វប្បធម៌ ទេសចរណ៍ និងអត្តសញ្ញាណជាតិ ព្រមទាំងរក្សានូវទំនាក់ទំនងល្អជាមួយយុវជនបណ្តាប្រទេសដទៃទៀត។

លោក ហោ​ សំណាង​ ប្រធានស្ដីទីសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានលើកឡើងថា គណៈប្រតិភូយុវជនទំាងអស់មានការខិតខំរៀនសូត្រ​ និងរឹតចំណងមិត្តភាព ចែករំលែកនូវវប្បធម៌នៃប្រទេសនីមួយៗ ក្នុងការជួយដល់សង្គមជាតិ។

លោកបន្តថា នៅក្នុងរយៈពេល៥២ថ្ងៃនោះ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ ដែលមានយុវជនមកពីប្រទេសក្នុងអាស៊ាន រួមនឹងប្រទេសជប៉ុន ដែលជាអ្នកបង្កើតកម្មវិធីនេះ និងធ្វើដំណើរតាមនាវាពីប្រទេសជប៉ុនឆ្លងកាត់ប្រទេសព្រុយណេ ហ្វីលីពីន ថៃ និងប្រទេសវៀតណាម។

សូមបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន បង្កើតឡើងដោយប្រទេសជប៉ុន គឺនៅឆ្នាំ១៩៧៤។ ចំណែកសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានបង្កើតឡើងនៅឆ្នាំ២០០៤ ដែលរហូតមកដល់ពេលនេះ មានយុវជនកម្ពុជាចំនួន ៥៦០នាក់ហើយ បានចូលរួមជាមួយកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុននេះ៕