(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ បានថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយ មន្ត្រីរាជការជាង២០០នាក់ នៅសាលាខេត្តកំពង់ចាម ថា «ការបម្រើសេវាសាធារណៈ គឺជាកត្តាសំខាន់សម្រាប់រាជរដ្ឋាភិបាលនិតិកាលទី៦នេះ»។
លោកអភិបាលខេត្តថ្លែងយ៉ាងដូច្នេះ ក្នុងពិធីជួបសំណេះសំណាល នៅសាលប្រជុំធំ សាលាខេត្តកំពង់ចាម ដោយបានបញ្ជាក់ថា ចាប់តាំងពីដើមខែមករា ឆ្នាំ២០១៨ មកដល់ពេលបច្ចុប្បន្ននេះ មន្ត្រីរាជការក្នុងខេត្ត បានអនុវត្តគោលនយោបាយល្អប្រសើរ ក្នុងការចុះបម្រើសេវាសាធារណៈនាពេលកន្លងផងដែរ។
លោកអភិបាលខេត្ត ក៏បានគូសបញ្ជាក់ថា «គណៈអភិបាលខេត្តបានប្តេជ្ញាចិត្ត និងបានឯកភាពគ្នាយ៉ាងទូលំទូលាយ ដើម្បីអនុវត្តនូវគោលនយោបាយ ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យបានល្អប្រសើរថែមទៀត ដើម្បីឆ្លើយតបទៅនិងគោលនយោបាយ របស់រាជរដ្ឋាភិបាលនិតិកាលទី៦នេះ»។
លោកបានបញ្ជាក់ថា ពិសេសគឺច្រកចេញចូលតែមួយ ហើយបច្ចុប្បន្នមានការិយាល័យច្រកចេញចូលតែមួយ២កន្លែង កំពុងដំណើរការ១នៅក្រុងកំពង់ចាម និង១ទៀត នៅស្រុកជើងព្រៃ ដែលជាកន្លែងបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋ ហើយការិយាល័យច្រកចេញចូលតែមួយនេះ អាជ្ញាធរខេត្ត និងបន្តសាងសង់ឲ្យបានគ្រប់ក្រុង-ស្រុក នៅក្នុងខេត្តកំពង់ចាម ព្រោះដំណើរការបម្រើសេវាសាធារណៈនេះ ធ្វើទៅតាមប្រតិភូកម្ម មានថ្នាក់ខេត្ត, ថ្នាក់ក្រុង-ស្រុក និងថ្នាក់ឃុំ-សង្កាត់ ។ បច្ចុប្បន្នថ្នាក់ខេត្ត បានដំណើរការហើយចំណែកថ្នាក់ក្រុង-ស្រុក ទើបតែមាន២ ប៉ុណ្ណោះ ១នៅក្រុងកំពង់ចាម និង១ទៀត នៅស្រុកជើងព្រៃ។
លោកបានបន្តថា នៅស្រុកកំពង់សៀម បានសាង់សង់អាគារ ច្រកចេញចូលតែមួយរួចហើយ ប៉ុន្តែនៅរងចាំគោលការណ៍មួយចំនួន ពីក្រសួងមហាផ្ទៃ សម្រេចឲ្យដំណើរការ ម្យ៉ាងទៀតនៅឆ្នាំ២០១៩ អាជ្ញាធរខេត្ត និងធ្វើការសាងសង់អាគារច្រកចេញចូលតែមួយ ចំនួន៣ទៀត សម្រាប់ស្រុកបាធាយ, ស្រុកព្រៃឈរ, និងស្រុកចំការលើ លុះដល់ឆ្នាំ២០២០ខាងមុខ អាជ្ញាធរខេត្ត និងធ្វើការសាងសង់អាគារច្រកចេញចូលតែមួយគ្រប់ទាំង១០ ក្រុង-ស្រុក ក្នុងខេត្តកំពង់ចាមតែម្តង។
ជាមួយនិងការប្តេជ្ញាចិត្ត ដាក់ចេញនូវគោលនយោបាយ បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានប្រសើរថែមទៀតនោះ លោក គួច ចំរើន បានថ្លែងថា គណៈអភិបាលខេត្តកំពង់ចាម បានរៀបចំឲ្យមានការប្រលងប្រណាំង របស់មន្ត្រីរាជការតាមឃុំ-សង្កាត់ ក្នុងការចុះបម្រើសេវារដ្ឋបាល ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ពួកគាត់។ ក្នុងនោះ មានសេវាអត្តសញ្ញាណកម្ម និងសេវាអត្រានុកូលដ្ឋាន ចំនួន៧ចំណុច បានដាក់ជូនទៅក្រុមប្រឹក្សាឃុំ-សង្កាត់ ធ្វើការផ្តល់ជូន មេឃុំ និងចៅសង្កាត់ ស្មៀន និងនគរបាលប៉ុស្តិ៍ ដើម្បីដឹកនាំនូវការបម្រើសេវាទាំង៧មុខ ប្រលងប្រណាំងគ្នា ដើម្បីទទួលពានរង្វាន់នៅពេលបំណាច់ឆ្នាំម្តងៗ ហើយការប្រលងប្រណាំងនេះដែរ វាជាអត្ថប្រយោជន៍ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋបានទទួលនូវសេវា បម្រើពីថ្នាក់ដឹកនាំមូលដ្ឋានរបស់ខ្លួន បានទាន់ពេលវេលាផងដែរ៕