(ត្បូងឃ្មុំ)៖ ភេសជ្ជៈចម្រុះមានទឹកក្រូច olatte ចំនួន៣២កំប៉ុង និងទឹកផ្លែឈើមួយ MIDORI ចំនួន៨៤ដប ព្រមទាំងភេសជ្ជៈមួយចំនួនទៀត សរុប១២៤ដប/កំប៉ុង ដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ត្រូវបានមន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ និងមន្ទីរពាណិជ្ជកម្មខេត្ត រកឃើញនិងដកហូត ពីផ្សារជីពាំងនិងផ្សារដារ ក្នុងស្រុកមេមត់ ដើម្បីយកទៅកម្ទេចចោល។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ដឹកនាំដោយលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ដោយធ្វើការត្រួតពិនិត្យស្លាកសញ្ញា កាលបរិច្ឆេទប្រើប្រាស់ និងការដាក់តាំងលក់ទំនិញរបស់អាជីវករ ឲ្យត្រឹមត្រូវតាមបច្ចេកទេស។
លោក មាស មោរ៉ា បានឲ្យដឹងថា ក្រោមការណែនាំពីអគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានឲ្យសាខាកាំកុងត្រូលទាំងអស់ទូទាំងប្រទេស អនុវត្តន៍តាមផែនការសកម្មភាពរបស់ខ្លួន ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋជាអ្នកទទួលទាន ជាពិសេសក្នុងរដូវបុណ្យភ្ជុំបិណ្ឌនោះ លោករួមទាំងមន្ត្រីកាំកុងត្រូលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ តែងតែចុះត្រួតពិនិត្យជាប់ជាប្រចាំ។
ប្រធានសាខាកាំកុងត្រូលខេត្ត បានធ្វើការអប់រំក៏ដូចជាណែនាំដល់អាជីវករ មុននឹងយកទំនិញមកលក់ ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពឲ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញ ដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ។ លោកហាមដាច់ខាត ការយករាល់ទំនិញដែលគ្មាន កាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិ នៃច្បាប់ទៅដាក់តាំងលក់។
ជាមួយគ្នានោះមន្ត្រីកាំកុងត្រូល បានធ្វើការបិទ Poster ពន្យល់ណែនាំពីរបៀបជ្រើសរើស ម្ហូបអាហារដែលមានសុវត្ថិភាពដល់ប្រជាពលរដ្ឋ សម្រាប់យកមកទទួលទានផងដែរ៕