(ភ្នំពេញ)៖ ក្រុមហ៊ុន Cellcard ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានប្រឹក្សាភិបាលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានរៀបចំសន្និសីទពិសេសមួយ សម្រាប់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្តីអំពីភាពជោគជ័យ ក្នុងការធ្វើតេស្តបច្ចេកវិទ្យា 5G របស់ខ្លួន នៅក្នុងប្រទេសចិន ហើយនឹងនាំនូវបច្ចេកវិទ្យា 5G នេះមកដល់កម្ពុជានៅពេលឆាប់ៗខាងមុខនេះ។
ពិធីនេះរៀបចំធ្វើឡើងនៅសណ្ឋាគារកាំប៊ូឌីយ៉ាណា រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក សុខ ពុទ្ធីវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក ជា មានិត អនុរដ្ឋលេខាធិការ និងជានាយកខុដ្ទការល័យ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក ម៉ូវ ចរិយា ជាប្រធាននិយ័តករ ទូរគមនាគមន៍កម្ពុជា និងមន្រ្តីជាន់ខ្ពស់ដទៃទៀត ព្រមទាំងថ្នាក់ដឹកនាំ នៃក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេ Cellcard ផងដែរ។
ក្នុងឱកាសនោះ ក៏មានការបង្ហាញអំពីចក្ខុវិស័យ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សម្រាប់ប្រទេសកម្ពុជា ដើម្បីក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចឌីជីថលឈានមុខគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងមានការបង្ហាញលទ្ធផល នៃការធ្វើតេស្ត 5G ដែលត្រូវបានធ្វើឡើងនៅក្នុងប្រទេសចិន កាលពីសប្តាហ៍មុន។ ករណីសំខាន់ៗ ដែលប្រើប្រាស់ 5G នៅក្នុងប្រទេសកម្ពុជា នឹងត្រូវបានចែករំលែកផងដែរ។
ថ្លែងក្នុងពិធីនោះ លោក សុខ ពុទ្ធីវុធ ក៏បានលើកឡើងពីការគាំទ្រ ដើម្បីឲ្យបច្ចេកវិទ្យា 5G នេះ ត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជា ប្រកបដោយគុណភាព រួមជាមួយនឹងការទទួលបាន នូវលទ្ធផលដ៏ល្អបំផុត សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាភាពលូតលាស់ ក្នុងវិស័យនេះទាំងមូល ព្រមទាំងទស្សនវិស័យ និងផែនការរបស់ Cellcard ទៅលើបច្ចេកវិទ្យា 5G។
ជាមួយនឹងបច្ចេកវិទ្យា 5G ថ្មីនេះ អាចឈរជើងនៅជួរមុខ ក្នុងការផ្ដល់ជូននូវបច្ចេកវិទ្យាចុងក្រោយបំផុត ក្នុងវិស័យទូរគមនាគមន៍ ហើយក្រុមហ៊ុន Cellcard បានបង្ហាញថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដឹកនាំការផ្លាស់ប្តូរនេះ និងនាំយកប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រភពឌីជីថល ប្រកបដោយអត្ថប្រយោជន៍ និងកាន់តែងាយស្រួល ក្នុងការប្រើប្រាស់អ៊ីធើណេត កាន់តែលឿនជាងមុនដែលពុំធ្លាប់មាន។
លោក សុខ ពុទ្ធីវុធ បានបញ្ជាក់ទៀតថា សហគ្រាសទាំងអស់ អាចឈានមុខគេដោយគ្មានដែនកំណត់ ជាមួយបច្ចេកវិទ្យា 5G ដ៏ថ្មីស្រឡាងនេះ។ បច្ចេកវិទ្យា 5G អាចធ្វើបាន ដើម្បីកែលម្អជីវភាពរស់នៅ បង្កើតឱកាសការងារ និងជំរុញសេដ្ឋកិច្ច ឲ្យទៅជាសេដ្ឋកិច្ចឌីជីថល៕