(ភ្នំពេញ)៖ និស្សិតខ្មែរពីរក្រុមបានទទួលជ័យលាភីលេខ២ និងលេខ៣ ក្នុងការប្រកួតប្រជែងថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីអំពីការបង្កើតគំរោងសហគ្រិនភាព ឆ្នាំ២០១៨ (Concours Start-Up 2018) ដែលរៀបចំឡើងដោយសាកលវិទ្យាល័យហាណូយ ប្រទេសវៀតណាម។
បេក្ខជនប្រមាណ២០ក្រុម មកពីប្រទេសចំនួន៤ ក្នុងតំបន់រួមមានវៀតណាម ឡាវ ថៃ និងកម្ពុជា។ ចាប់តាំងពីវគ្គជម្រុះនាខែសីហា រហូតមកដល់វគ្គផ្តាច់ព្រាត់ នាចុងខែកញ្ញា កន្លងទៅថ្មីៗនេះ នៅសល់តែ៥ក្រុមប៉ុណ្ណោះ ដែលត្រូវប្រកួតលើចំណេះដឹងទូទៅ និងឡើងការពារគំរោងតាមក្រុមនីមួយៗ ជាភាសាបារាំង។
ក្នុងវគ្គផ្តាច់ព្រាត់នេះ មានយុវជនមកពីប្រទេសវៀតណាម៣ក្រុម និងកម្ពុជា២ក្រុម ដែលត្រូវដណ្តើមជ័យលាភីប្រចាំតំបន់។ ក្រុមយុវជនដែលទទួលបាន ជ័យលាភីលេខ២ និងលេខ៣ ក្នុងតំបន់សុទ្ធតែជានិស្សិតរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ភាសាបារាំង ឆ្នាំទី៣និងទី៤។ ដោយឡែក ក្រុមជ័យលាភីលេខ២ ទេដែលរៀន២មហាវិទ្យាល័យ គឺមហាភាសាបារាំង និងមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឆ្នាំទី៣។
យុវជន ចាន់ សិរីវឌ្ឍ បានឲ្យដឹងថា នេះជាបទពិសោធន៍ថ្មីស្រឡាងសម្រាប់លោក ព្រោះលោកមិនដែលមានគំនិតថា ចង់ក្លាយជាសហគ្រិនដែលបច្ចុប្បន្ន កំពុងមានសន្ទុះនោះទេ ហើយក៏ជាជោគជ័យលើកទី១ផង សម្រាប់លោកដែលចូលរួមក្នុងការប្រកួតនេះ ហើយទទួលបានការគាំទ្រពី AUF និងក្រុមហ៊ុន Confluence ដែលជួយដឹកនាំ ផ្តល់គំនិត និងចែករំលែកបទពិសោធន៍ល្អក្នុងការកសាងគំរោងធ្វើឲ្យលោកអាចបន្តបានដល់វគ្គផ្តាច់ព្រាត់។
ស្រដៀងគ្នានេះ យុវជន ឌួង ប៉ហួត បានបង្ហាញនូវក្តីសប្បាយរីករាយ និងមោទនភាពរបស់ខ្លួនថា លោករំភើបណាស់មិននឹកស្មានថា ឈានដល់វគ្គចុងក្រោយនេះទេ ហើយលោកមិននឹកស្មានថាបានទទួលលទ្ធផលដូចពេលនេះដែរ។ ម្យ៉ាងទៀតរៀននៅឆ្នាំទី៣ អញ្ចឹងបានចេញទៅប្រកួត នៅក្រៅប្រទេស ពិតជាមានមោទនភាពខ្លាំងណាស់ ទាំងសម្រាប់ខ្លួនលោកផ្ទាល់ និងសម្រាប់គ្រួសារផង ជាពិសេសគឺបានឈរលើឆាកអន្តរជាតិតំណាងឲ្យខ្មែរតែម្តង។
នេះជាលើកទី២ហើយ ដែលសាកលវិទ្យាល័យក្នុងតំបន់ បានរៀបចំការប្រកួតប្រជែងលើការបង្កើតគំរោង ច្នៃប្រឌិតក្រោមការជួយឧបត្ថម្ភគាំទ្រពី ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង AUF ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តឲ្យយុវជនមានគំនិតច្នៃប្រឌិត ក្នុងការបង្កើតគំរោងសហគ្រិនភាពឆ្លើយតបទៅនឹងបរិបទជាក់ស្តែង ក្នុងតំបន់អាស៊ីដែលកំពុងតែមានសន្ទុះសេដ្ឋកិច្ចរីកចម្រើន។
យុវជន ឌួង ប៉ហួត បានបញ្ជាក់ថា ដោយមានការត្រៀមលក្ខណៈបានល្អមុនទៅប្រកួត នៅប្រទេសវៀតណាម ពួកគេមានជំនឿថា នឹងទទួលបានជ័យលាភីមកជូនប្រទេសកម្ពុជាវិញ ប៉ុន្តែពេលទៅដល់ឃើញថាគេក៏ធ្វើបានល្អដែរ គេបកស្រាយការពារគំរោងបានល្អ ហើយនិយាយបារាំងក៏ល្អ។ ពួកខ្ញុំគិតថា លទ្ធផលដែលផ្តល់ដល់គ្រប់ក្រុមពិតជាមានភាពសុក្រិតត្រឹមត្រូវ និងមានតម្លាភាពព្រោះមានសមាសភាពខុសៗគ្នា ក្នុងគណៈមេប្រយោគ ដែលមានតំណាងស្ថានទូតបារាំង AUF សភាពាណិជ្ជកម្មបារាំង ក្រុមហ៊ុនឯកជន សាកលវិទ្យាល័យហាណូយ និងគ្រូជំនាញផ្នែកសហគ្រិនភាព។
គំរោងរបស់ទីភ្នាក់ងារឧត្តមសិក្សា ប្រើប្រាស់ភាសាបារាំង (AUF) ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក គឺលើកទឹកចិត្តគាំទ្រដល់សាកលវិទ្យាល័យ ជាសមាជិកក្នុងតំបន់ឲ្យរៀបចំការប្រកួត បង្កើតគំរោងសហគ្រិនភាពនេះ ជារៀងរាល់ឆ្នាំតាមការស្ម័គ្រចិត្ត ក្នុងគោលបំណងលើកទឹកចិត្ត ដល់និស្សិតដែលសិក្សា នៅតាមបណ្តាសាកលវិទ្យាល័យ ដែលសិក្សាជាភាសាបារាំងឲ្យមានគំនិតច្នៃប្រឌិតបង្កើតថ្មី មានសេចក្តីក្លាហាន និងចេះបកស្រាយការពារគំរោងនានារបស់ខ្លួន តាមរយៈការប្រើប្រាស់សមត្ថភាពភាសាបារាំង។
យុវជន ចាន់ សិរីវឌ្ឍ ក៏បានគូសបញ្ជាក់ថា បើមានការប្រកួតលើកក្រោយៗ ទោះបីជាលោកមិនបានចូលរួមក៏ដោយ ប៉ុន្តែលោកនឹងជំរុញនិស្សិតខ្មែរឲ្យចូលរួមប្រកួត ដើម្បីស្វែងយល់បទពិសោធន៍ និងទទួលបានព័ត៌មាន ក៏ដូចជាបង្កើតទំនាក់ទំនងជាមួយមិត្តភ័ក្តិនានា ក្នុងតំបន់តាមរយៈភាសាបារាំងដើម្បីអភិវឌ្ឍខ្លួន។
ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង មានគ្រឹះស្ថានជាសមាជិកប្រមាន៨៥០ ដែលមានវត្តមាននៅលើប្រទេសជាង១០០ នៅលើពិភពលោក។ ដោយឡែក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានចំនួន៧០គ្រឹះស្ថាន ក្នុងនោះមាន១០គ្រឹះស្ថានឧត្តមសិក្សា នៅប្រទេសកម្ពុជា ក្នុងចំណោម១២ប្រទេសផ្សេងទៀត ក្នុងតំបន់៕