(ក្រចេះ)៖ អាធរក្រុងក្រចេះ ដឹកនាំកម្លាំងដោយ លោក សេង ភីណា អភិបាលរងក្រុងក្រចេះ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ម្សិលមិញ បានចុះរៀបចំសណ្ដាប់ធ្នាប់និងគូសគំនូសផ្លូវ នៅផ្សារសាមគ្គីក្រុងក្រចេះ និងជុំវិញបរិវេណផ្សារ។
លោក សេង ភីណា បានឲ្យដឹងថា កម្លាំងដែលចូលរួមអនុវត្តន៍រួមមាន៖ កម្លាំងសាលាក្រុង, អាវុធហត្ថក្រុង, នគរបាលការិយាល័យសណ្ដាប់ធ្នាប់ខេត្ត, កម្លាំងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, កម្លាំងសង្កាត់, មេភូមិ, និងប្រជាការពារភូមិ។
លោកអភិបាលរង បានបន្តថា ការអនុវត្តន៍នេះ អាជ្ញាធរមានគោលការណ៍៥ចំណុច ដូចខាងក្រោម៖
ទី១៖ កំណត់គំនូសសញ្ញា ផ្លូវផ្សារសាមគ្គីក្រុងក្រចេះ និងផ្លូវបរិវេនជុំវិញផ្សារ។
ទី២៖ ណែនាំឲ្យអាជីវករ តាមការកំណត់របស់អាជ្ញាធរក្រុង ដែលបានគូសសញ្ញាកំណត់ឲ្យ។
ទី៣៖ ណែនាំការចតម៉ូតូ លើផ្លូវសាធារណៈ ឲ្យមានសណ្ដាប់ធ្នាប់ល្អ ដើម្បីកុំឲ្យកកស្ទះចរាចរណ៍។
ទី៤៖ បើបុគ្គលណាម្នាក់មិនអនុវត្តន៍តាមអជ្ញាធរទេ នឹងចាត់វិធានការផាកពិន័យ ទុកជាគម្រូសម្រាប់អ្នកក្រោយ។
ទី៥៖ អាជ្ញាធរនៅតែបន្តចុះរៀបចំសណ្ដាប់ធ្នាប់ ជារៀងរហូតដើម្បីឲ្យទីក្រុងដ៏តូចច្រលឹងនេះ មានសោភណ្ឌភាពនិងបរិស្ថានស្អាត សម្រាប់ទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិនិងអន្តរជាតិ។
លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ ព្រមទាំងអាជីវករទាំងអស់ឲ្យចូលរួមថែរក្សាសណ្ដាប់ធ្នាប់ និងថែរក្សាបរិស្ថានទាំងអស់គ្នា ព្រោះទីក្រុងល្អ បរិស្ថានស្អាត អនាម័យល្អ សុខភាពរឹងមាំ ធ្វើឲ្យគ្រួសាររុងរឿង៕