(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួងស្រេង រួមជាមួយមន្ត្រីក្រោមឱវាទរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទិ្ធវង្ស ហៅវត្តសម្ដេច ម៉ួង រ៉ា ស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
ពិធីនេះធ្វើឡើងស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយប្រគេនទេយ្យទាន ម្ហូបអាហារដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វការីជន ដែលបានបែកកាយរំលាយដ្ឋាន ទៅកាន់លោកខាងមុខ និងដើម្បីប្រមូលបច្ច័យមួយចំនួន យកមកកសាងទីអារាមវត្តឲ្យមានការអភិវឌ្ឍ ស្របពេលប្រទេសកម្ពុជាទាំងមូលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សនោះ។ ក្នុងពិធីនោះ លោកឃួង ស្រេង និងលោកស្រី ជា ស៊ីណា ឃួងស្រេង បានប្រគេនបច្ច័យបានចំនួន ១២លាន៤៧ម៉ឺនរៀល ដល់ព្រះសង្ឃដើម្បីកសាងទីអារាមវត្តផងដែរ។
គួររំលឹកថា បុណ្យភ្ជុំបិណ្ឌត្រូវបានពុទ្ធសាសនិកខ្មែរ ធ្វើឡើងរៀងរាល់ឆ្នាំចាប់ពី ថ្ងៃ១រោចដល់ថ្ងៃ១៥រោចខែភទ្របទ។ ពុទ្ធសាសនិកខ្មែរធ្វើបុណ្យនេះ ដោយការយកទេយ្យទានផ្សេងៗមាន អាហារជាដើម ទៅផ្គត់ផ្គង់ព្រះសង្ឃនៅក្នុងវត្ត ដែលកំពុងគង់ចាំវស្សារយៈពេល១៥ថ្ងៃគត់។
ដោយហេតុពុទ្ធសាសនិកមានការមមាញឹកកិច្ចការប្រចាំថ្ងៃ និងដើម្បីធានាថា ព្រះសង្ឃត្រូវបានផ្គត់ផ្គង់ជាទៀងទាត់នោះ ទើបគេចែកជាក្រុមៗដាក់វេនគ្នា យកទេយ្យទានទៅប្រគេនព្រះសង្ឃរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោចខែភទ្របទ ហើយឱ្យឈ្មោះថាវេនទី១ រហូតដល់វេនទី១៤។ រយៈពេល១៤ថ្ងៃនេះ ឱ្យឈ្មោះថាបុណ្យកាន់បិណ្ឌ ឬបុណ្យដាក់បិណ្ឌ។
ចំណែកថ្ងៃ១៥រោច ដែលជាថ្ងៃចុងក្រោយនោះ ពុទ្ធសាសនិកពីគ្រប់វេនទាំងអស់ មកជួបជុំគ្នាធ្វើទានចំពោះសង្ឃជាមួយគ្នា ដើម្បីបញ្ចប់បុណ្យកាន់បិណ្ឌ ឱ្យឈ្មោះថាភ្ជុំបិណ្ឌ ឬថ្ងៃភ្ជុំបិណ្ឌ៕