(កំពង់ធំ)៖ អគារមណ្ឌលសុខភាពចំនួន១ខ្នង ភ្ជាប់ជាមួយនឹងអគារសម្ភព១ខ្នង និងអគារសម្ពពបន្ទប់រង់ចាំ២ខ្នង ដែលមានតម្លៃ១១៨,៦៤១.៤០ដុល្លារ ត្រូវបានដាក់សម្ពោធប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ក្រោមការឧបត្ថម្ភដោយកិច្ចការសកល នៃរដ្ឋាភិបាលកាណាដា និងអង្គការអាដ្រាកាណាដា។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងមានការចូលរួមពីលោកស្រី អាលីសិន ស្ទូវ៉ត តំណាងស្ថានទូត នៃប្រទេសកាណាដាប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពីប្រធានមន្ទីរ អង្គភាពជំនាញកងកម្លាំប្រដាប់អាវុធ អាជ្ញាធរ ឃុំ ភូមិ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជិត៥០០នាក់ នៅមណ្ឌលសុខភាពទំរីង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
លោក ឡង គីសឹង អភិបាលស្រុកសណ្តាន់ បានឱ្យដឹងថា មណ្ឌលសុខភាពទំរីង១ខ្នងមានប្រវែង៩ ម៉ែត្រ X ១៤ម៉ែត្រ និងអគារសម្ភពបន្ទប់រង់ចាំប្រវែង៥ម៉ែត្រ X ១០ម៉ែត្រ ព្រមទាំងមានបំពាក់គ្រឿងសង្ហារឹម និងសំភារៈបរិក្ខាសម្រាប់ព្យាបាលជំងឺក៏ដូចជា សម្រាប់សម្រាលកូនស្ត្រីមានផ្ទៃពោះ។ មណ្ឌលសុខភាពនេះបានចំណាយថវិកាសរុបអស់ចំនួន ១១៨,៦៤១.៤០ដុល្លារ ក្នុងនោះមណ្ឌលសុខភាពទំរីងចំនួនទឹកប្រាក់៤០៦៩១.៣១ដុល្លារ។
លោកស្រី អាលីសិន ស្ទូវ៉ត បានលើកឡើងថា «ការសម្រាលកូនមិនមែនជាការងារស្រួលរបស់មនុស្សនោះទេ ដូច្នេះយើងត្រូវអប់រំដល់មាតាដទៃទៀត ឱ្យយល់ពីការសម្រាលកូន និងត្រូវធ្វើការពង្រឹង ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធជួយការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ និងរៀបចំផែនការគ្រួសាររបស់ពួកគេ ជាពិសេស លោកស្រីបានលើកឡើងថា ស្ដ្រីដែលមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាព នៅមណ្ឌលសុខភាពឱ្យបានទៀងទាត់ និងទៅសម្រាលកូននៅមណ្ឌលសុខភាពពេលដែលដឹងថា ជិតគ្រប់ខែ ហើយការសម្រាលកូនមានសុខភាពល្អ និងបានយល់ដឹងពីអាហារូប្ថម្ភ»។
លោក សុខ លូ បានថ្លែងអំណរគុណដល់អង្គការ អាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ និងខេត្តកំពង់ធំ នៃគម្រោងអោប ដែលឧបត្ថម្ភដោយកិច្ចការសកល នៃរដ្ឋាភិបាលកាណាដា និងអង្គការអាដ្រា កាណាដា ដែលបានជួយឧបត្ថម្ភគាំទ្រទាំងថវិកា និងសម្ភារសម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍន៍នៅកម្ពុជា ដែលជាប្រទេសមួយទើបតែមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
លោក សុខ លូ បានណែនាំដល់គ្រូពេទ្យប្រចាំនៅមណ្ឌលសុខភាពទាំងអស់ ត្រូវយកចិត្តទុកដាក់់បម្រើរសេវាជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ ជាពិសេសមណ្ឌលសុខភាព ត្រូវមានគ្រូពេទ្យ ប្រចាំការជាប្រចាំ សម្រាប់ជួយបងប្អូនដែលមានបញ្ហាសុខភាព និងទទួលសេវាផ្សេងៗ ជាពិសេសត្រូវអប់រំមាតាឱ្យយល់ដឹងពីការសម្រាលកូន និងការថែទាំទារកព្រមទាំងថែទាំសុខភាពមាតាផ្ទាល់ ពេលមានជំងឺបងប្អូនត្រូវទៅមណ្ឌលសុខភាពដើម្បីពិនិត្យ និងពិគ្រោះជាមួយលោកគ្រូពេទ្យ ត្រូវព្យាយាមអប់រំ និងផ្សព្វផ្សាយពីសេវាព្យាបាលជម្ងឺ ក្នុងនោះលោកក៏បានផ្ដាំផ្ញើរឱ្យប្រជាពលរដ្ឋ ខិតខំថែរក្សាសុខភាពហូបស្អាត ទឹកស្អាត និងរស់នៅស្អាតដើម្បីមានសុខភាពល្អ ជាពិសេសខ្លួនយើងជួយខ្លួនយើងជាមុនសិន។
ចុងក្រោយលោកបានផ្តាំផ្ញើដល់បងប្អូនសូមជួយថែរក្សា សម្បត្តិទាំងអស់នេះដើម្បីឱ្យបានយូរអង្វែងទៅមុខ រួមទាំងការសម្អាតនូវបរិស្ថាន និងបង្កើនការដាំដុះក្នុងការលើកស្ទួយជីវភាពគ្រួសារឲ្យបានប្រសើរឡើង៕