(កោះកុង)៖ លោក ជា នី អនុ ប្រធានសាខាកាំកុងខេត្តកោះកុង បានដឹកនាំមន្ត្រី សហការ​ជាមួយមន្ត្រីពាណិជ្ជកម្ម មន្ត្រីសាលាក្រុងខេមរភូមិន្ទ នៅថ្ងៃទី០៤ ខែ​តុលា ឆ្នាំ២០១៨នេះ ​ចុះត្រួតពិនិត្យ និងធ្វើតេស្តទៅលើបន្លែ ត្រី សាច់​ បង្គា មឹក​ និង​ភេសជ្ជដែលអាជីវករដាក់តាំងលក់ក្នុងផ្សារ និង​តាមលំនៅដ្ឋាន ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បី​រកសារធាតុគីមី​មុនរដូវភ្ជុំបិណ្ឌ ហើយ​ផ្សព្វផ្សាយបន្តអំពីទំនិញណាហួសកាលបរិច្ឆេទ​ផលិត មិនត្រូវទិញយកទៅបរិភោគ ឬលក់ឡើយ។

លោក ​ជា នី ឲ្យដឹងថា ការចុះពិនិត្យធ្វើតេស្តនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញ ​អគ្គនាយក នៃអគ្គនាយដ្ឋានកាំកុងត្រូល និង​ផ្អែកទៅលើច្បាប់ស្តីពីការគ្រប់គ្រង គុណភាពសុវត្ថិភាពផលិតផលទំនិញ និងកិច្ចសម្របសម្រួលពាណិជកម្ម តាមរយៈគ្រប់គ្រងហានិភ័យ ដែលការត្រួតពិនិត្យ លក្ខណៈរូបវ័ន្តត្រួតពិនិត្យលក្ខណៈទូទៅខាងក្រៅរបស់ម្ហូបអាហារទៅស្លាកសញ្ញា សំបកវេចខ្ចប់ការបរិច្ឆេទកំប៉័ង កំពិតប៉ោងរលួយជាដើម។

បន្ថែមពីនេះ ត្រួតពិនិត្យគុណភាព និងភាពអនុលោមដោយធ្វើការវិភាគ ជាបឋមទៅផលិតផលទំនិញដោយប្រើ Test kit ​ដើម្បីស្វែងរកសាធាតុគីមី ដែលហាមឃាត់ ដូចជាប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យត្រូវយកគំរូបញ្ជូនទៅវិភាគបន្តនៅមន្ទីរពិសោធន៍ របស់អគ្គនាយដ្ឋានកាំកុងត្រូល ដើម្បីកំណត់រកហានិភ័យ។

ប្រធានសាខារូបនេះ បានបន្តថា ជាលទ្ធផលសាខាកាំកុងត្រូល និងមន្ត្រីជំនាញការចុះត្រួតពិនិត្យទំនិញបន្លែផ្លែឈើ ត្រីសាច់ និងភេសជ្ជតាមលំនៅដ្ឋាន និងតាមតូបក្នុងទីផ្សារដងទង់ ដែលអាជីវករដាក់តាំងលក់សាខាកាំកុងត្រូល មិនបានរកឃើញមុខទំនិញគ្រឿងភេសជ្ជ​បន្លែ ត្រីសាច់ដែលមានសារធាតុគីមី ឬហួសថ្ងៃខែឆ្នាំផលិតធំដុំនោះទេ ដោយមន្ត្រីជំនាញធ្វើការត្រួតពិនិត្យធ្វើតេស្តជាបន្តបន្ទាប់ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ហើយអាជីវករមានការយល់ដឹងកាន់ខ្ពស់ចំពោះបញ្ហានេះផងដែរ។

ការចុះត្រួតធ្វើតេស្តថ្ងៃនេះ មន្ដ្រីជំនាញបានរកឃើញទឹកម្ទេសចំនួន១៦ដប ដែលហួសកាលបរិច្ឆេទ យកមករក្សាទុកក្នុងសាខាដើម្បីកម្ទេចចោល។

ជាចុងក្រោយលោក ជា នី បានធ្វើការអំពាវ​នាវដល់អ្នកនាំទំនិញចូលទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈអនុលោមខ្ពស់ គ្មានសារធាតុគីមី ហើយមានសំបកខ្ចប់វិចខ្ចប់ត្រឹមត្រូវ មានកាលបរិច្ឆេទ ដើម្បីចូលរួមចំណែកការពារផលប្រយោជន៍អ្នកប្រើប្រាស់ ទាំងសុខមាលភាព និងសេដ្ឋកិច្ច ហើយការចុះណែនាំដល់អាជីវករនៅក្នុងផ្សារ និង​តាមលំនៅដ្ឋាន ដើម្បីធ្វើការពន្យល់ពីលក្ខណៈពិសេសមុននឹងទិញយកទៅប្រើប្រាស់ឬបរិភោគ៕