(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍បណ្ឌិត ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយចំណេះដឹងប្រវត្តិសាស្ត្រដល់យោធាចារ្យ និងនិស្សិតនាយទាហាន ក្នុងសាកលវិទ្យាល័យការពារជាតិ ចំនួន៨០០នាក់។
ការផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីឲ្យយោធាចារ្យ និងនិស្សិតនាយទាហានទាំងអស់ បានយល់ដឹងអំពីខួប៤១ឆ្នាំ នៃដំណើរឈានឆ្ពោះទៅរំដោះប្រជាជន ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប២០ឆ្នាំ នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិមកដល់បច្ចុប្បន្ន។
សូមជម្រាបថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ គឺជារយៈពេលគម្រប់៤១ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៨) ដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ២៥ឆ្នាំ រួមនឹងយុទ្ធដ៏ស្ម័គ្រស្មោះ ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។
កាលពីឆ្នាំ២០១៧ ដែលជាខួប ៤០ឆ្នាំ នៃការចេញតស៊ូរំដោះប្រទេសជាតិនេះ សម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិត បានធ្វើដំណើរទៅចុះទៅកាន់គ្រប់ចំណុច ក្នុងដំណាក់កាលតស៊ូនោះ ដើម្បីរំលឹកនូវអនុស្សាវរីយ៍ដ៏សែនជូរចត់នោះ។ គ្រប់ចំណុចដែលសម្តេចបានឆ្លងកាត់ កន្លែងដែលធ្វើឲ្យសម្តេចរំលឹកឡើងវិញ ហើយក្តុកក្តួលបង្ហូរទឹកភ្នែកអត់ដាច់នោះ គឺនៅត្រង់ចំណុចឆ្លងកាត់ព្រំដែនក្រោម ដើមត្រយឹង។
ដោយឡែក នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ជាខួបរំលឹកខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាម តាមរយៈនយោបាយឈ្នះឈ្នះ ហើយរាជរដ្ឋាភិបាលនឹងប្រារព្ធពិធីរម្លឹកខួបនេះ តាមរយៈការសាងសង់វិមានឈ្នះឈ្នះ ព្រមទាំងនាំមកនូវសុខសន្តិភាព៕