(ភ្នំពេញ)៖ ក្លឹបកំសាន្ដទីលានបាញ់កាំភ្លើងអន្ដរជាតិភ្នំពេញ ដែលទំនើប និងដំបូងបង្អស់នៅកម្ពុជា និងគ្របដណ្ដប់លើផ្ទៃដី១ម៉ឺនម៉ែត្រការ៉េ បានរៀបចំពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការសាកល្បង នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ដោយមានការចូលរួមពីភ្ញៀវជាតិ និងអន្ដរជាតិយ៉ាងច្រើនកុះករ។
ថ្លែងក្នុងឱកាសនោះ លោក សុខ ខេមរិន ដែលជាអ្នកគ្រប់គ្រងក្លឹបកំសាន្ដទីលានបាញ់កាំភ្លើងអន្ដរជាតិភ្នំពេញ បានលើកឡើងថា គោលបំណងនៃការបង្កើតក្លឹបកំសាន្ដនេះឡើង ដើម្បីអ្នកដែលមានសិទ្ធិកាន់កាប់ និងប្រើប្រាស់អាវុធទាំងអស់ឃ្លានឆ្ងាយពីទណ្ឌកម្មនៃទោស ហើយលោកជឿជាក់ថា នៅពេលពលរដ្ឋដឹងពីការប្រើប្រាស់អាវុធ ច្បាស់ណាស់ពលរដ្ឋមិនយកទៅប្រើប្រាស់ផ្ដេសផ្ដាស់នោះទេ។
អ្នកគ្រប់គ្រងរូបនេះ បានបញ្ជាក់ដែរថា ហេដ្ឋារចនាសម្ព័ន្ធក្នុងក្លឹបកំសាន្ដបាញ់កាំភ្លើងនេះ មានដូចជា កន្លែងបាញ់កាំភ្លើងលក្ខណៈក្នុង និងក្រៅបន្ទប់ជាច្រើនទូ, កន្លែងសម្រាប់ហ្វឹកហាត់បាញ់កាំភ្លើងទូ, បាញ់ធ្នូរ និងកន្លែងកាំភ្លើងវ៉ាំងដឺឡុងផងដែរ។
បើតាមការលើកឡើងរបស់ លោក សុខ ខេមរិន ក្លឹបកំសាន្ដនេះផងដែរ ក៏បង្កើតឲ្យមានបន្ទប់ពិសារតែលក្ខណៈ VIP ភោជនីយដ្ឋាន បន្ទប់ប្រជុំ បន្ទប់ទទួលភ្ញៀវ និងផ្សារទំនិញពាណិជ្ជកម្មជាដើម ដើម្បីកាន់តែផ្ដល់ភាពងាយស្រួលដល់អតិថិជន សម្រាប់ការមកជាវនូវសម្ភារផ្សេងដែលប្រើប្រាស់ជាមួយកាំភ្លើងផងដែរ។
ក្លឹបកំសាន្ដទីលានបាញ់កាំភ្លើងអន្ដរជាតិភ្នំពេញនេះ ត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុនឯកជនរបស់កម្ពុជា សហការជាមួយក្រុមហ៊ុនឯកជនរបស់ចិន ដោយទទួលបានសិទ្ធិអនុញ្ញាពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអាជ្ញាធរពាក់ព័ន្ធផងដែរ ដោយបញ្ជាក់ពីភាពស្របច្បាប់ និងត្រឹមត្រូវរបស់ក្លឹបនេះ។
ក្លឹបកំសាន្ដទីលានបាញ់កាំភ្លើងអន្ដរជាតិភ្នំពេញនេះ ស្ថិតនៅភូមិខ្ញី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានភ្នំពេញ ជាប់អង្គភាពតម្រួតបទបញ្ជា៕