(កំពង់ស្ពឺ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ សហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប បានចុះពិនិត្យសុវត្ថិភាពចំណីអាហារ បន្លែ ផ្លែឈើ ត្រី សាច់ ប្រអកប្រហុក មុំា ស្ករត្នោត ឡេលាបស្បែកឲ្យឆាប់សរបស់ស្ត្រី គ្រឿងកំប៉ុង និងគ្រឿងទេសជាច្រើនមុខទៀត ដែលកំពុងចរាចរណ៍លក់ដូរនៅក្នុងផ្សារឧដុង្គ ស្ថិតក្នុងឃុំវាំងចាស់ ស្រុកឧដុង្គ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨។
យុទ្ធនការខាងលើនេះធ្វើឡើងដើម្បីចូលរួមលើកកម្ពស់សុខមាលភាពប្រជាជន ជាមួយរាជរដ្ឋាភិបាល។ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ តែងចុះអប់រំណែនាំដល់ក្រុមអាជីវករលក់ដុំ លក់រាយ និងអ្នកទិញទំនិញទាំងនោះយកទៅបរិភោគ ឬយកទៅប្រើប្រាស់ និងសូមឲ្យគិតពីគុណភាព សុវត្ថិភាពចំណីអាហារជាចម្បង។
តាមរយៈលើកកម្ពស់សុខភាព សុវត្ថិភាពចំណីអាហារ នាឱកាសបុណ្យភ្ជុំកាន់បិណ្ឌនេះដែរ លោក ណាល់ វិចិត្រ ប្រធានសាខាកាំកុងត្រូលខេត្ត និងមន្ត្រីក្រោមឱវាទ បានណែនាំ និងជៀសវាងការលក់ដូរ ឬទិញទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ កំប៉ុងកំពិត ឬច្រេះ យកទៅបរិភោគ គឺវាធ្វើឲ្យអ្នកទទួលទាន មានជំងឺក្រិនថ្លើម ឈឺក្រពះ រលាកបំពង់ករ រលាកពោះវៀន រាករុះ ក្អួតចង្អោ វិលមុខ បាត់ការចងចាំ និងធ្វើឲ្យប៉ះពាល់ដល់ការលួតលាស់រាងកាយទាំងកុមារ និងមនុស្សពេញវ័យ។
នៅពេលដែលមន្ត្រីសាខាកាំកុងត្រូល កំពុងដើរចុះពិនិត្យក្នុងផ្សារឧដុង្គនោះដែរ អ្នកលក់ និងអ្នកទិញមានទឹកចិត្តត្រេកអរ ពេលឃើញជំនាញចុះពិនិត្យសុវត្ថិភាពចំណីអាហារជូនពួកគាត់ ហើយពួកគាត់ចង់ដឹងនៅក្នុងស្ករត្នោតបន្ថែមទៀត តើមានសារធាតុពីរប៉ាម៉ែត គឺសូដ្យូមអីត្រូសូហ្វីត និងបូរ៉ាក់ ដែរឬទេ? ជាលទ្ធផលបឋមក្រោយពីពិសោធន៍ពុំមានសារធាតុទាំង២ខាងលើនោះឡើយ៕