(ភ្នំពញ)៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាចោរលួចកាបូបលុយ និងការប្រើប្រាស់រក្សាទុកជួញដូរនូវសារធាតុញៀនចំនួន៨នាក់ ជាបន្តបន្ទាប់ ខណៈម្នាក់ទៀតកំពុងរត់គេចខ្លួន ដោយដកហូតបានក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៩កញ្ចប់តូច ក្នុង៣គោលដៅ និង៣ករណីផ្សេងគ្នា។

លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ រហូតដល់ទៅ៨នាក់ខាងលើនេះ អនុវត្តឡើងចំនួន៣គោលដៅ ក្នុងនោះគោលដៅទី១ នៅត្រង់ចំណុចផ្ទះគ្មានលេខមួយកម្លែងតាមបណ្ដោយផ្លូវបេតុង ក្រុម៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក និងគោលដៅទី២ នៅត្រង់ចំណុចផ្ទះជួលគ្មានលេខមួយកម្លែង ក្បែរផ្លូវរថភ្លើង ក្នុងក្រុម៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ឯគោលដៅទី៣ នៅត្រង់ចំណុចសំណង់មិនរៀបរយ ក្នុងក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរទិ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨។

លោកវរសេនីយ៍ឯក គល់ យី បានបន្តថា ក្នុងជំហ៊ានដំបូង នៃប្រតិបត្តិការបង្ក្រាបនេះដែរ ដោយសារតែនៅមុនពេលកើតហេតុ ក្នុងករណីទី១ គឺមានជនរងគ្រោះម្នាក់ឈ្មោះ អ៊ន សុនឃាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣៧E ផ្លូវលំក្រុម៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក បានចេញទៅលក់ត្រី ស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះ ក្នុងចំណោមបក្ខពួក៣នាក់ មកអង្គុយនៅខាងមុខផ្ទះរបស់ខ្លួនតែមិនចាប់អារម្មណ៍ឡើយ ទាល់តែមួយសន្ទុះក្រោយទើបជនរងគ្រោះផ្អើលឆោឡោឡើងថាបាត់កាបូបលុយមានប្រាក់ចំនួន (២លាន ៩០សិបម៉ឺនរៀល) តែជនសង្ស័យគេចខ្លួនបាត់ទៅហើយ។ លុះព្រឹកឡើងជនរងគ្រោះ តាមរកជនសង្ស័យឃើញ ក៍ឃាត់ខ្លួនយកមកប្រគល់ឲ្យសម្ថកិច្ចប៉ុស្ដិ៍ស្វាយប៉ាកសាកសួ បណ្ដាលឲ្យបែកធ្លាយរឿង ថាពិតជាបានលួចកាបូបរបស់ជនរងគ្រោះប្រាកដមែន ដោយលុយទាំងអស់នោះ ចែកគ្នាចាយអស់ទៅហើយ និងនៅមានបក្ខពួក២នាក់ទៀត ទើបឈានដល់ការឃាត់ខ្លួនបន្ថែមម្នាក់ ខណៈម្នាក់ទៀត កំពុងតែរត់គេចខ្លួន។

លោកអធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនក្នុងអំពើលួចទី១-មានសាធាតុញៀនឈ្មោះ ចិន ហុង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ២-មានសារធាតុញៀនឈ្មោះ យ៉ យ៉ាំងសាង ភេទប្រុស អាយុ១៨ ជនជាតិវៀតណាម អ្នកទាំង២មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្រុម៦-ក្រុម៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ ឯទី៣-ស្គាល់មុខ តែមិនស្គាល់ឈ្មោះ អាយុប្រហែល២០ឆ្នាំ (បាននិងកំពុងរត់គេចខ្លួន)។

លោកអធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងទៀតថា ករណីទី២ កម្លាំងនគរបាលខណ្ឌ និងប៉ុស្ដិ៍ទួលសង្កែទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហាក់ ឆេងលី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវរថភ្លើងក្រុម៨ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ដកហូតបានក្រាមពណ៌សថ្លាចំនួន២កពា្ចប់តូច ទើបឈានទៅបន្តបង្ក្រាបករណីទី៣ គឺបានធ្វើឡើងនៅថ្ងៃខែឆ្នាំដដែលនេះ ក្រោយពីបើកការស្រាវជ្រាវកម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍បានបង្ក្រាបជាក់ស្តែងករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ដោយដកហូតបានក្រាមសថ្លាចំនួន៧កញ្ចប់ថង់តូចបន្ថែម រួមជាមួយឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ទៀត ក្នុងនោះរួមមាន៖ ទី១-ឈ្មោះ ណា អ៊ុនតាក់ ភេទប្រស អាយុ១៨ឆ្នាំ ជនជាតិវៀតណាត ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៥ ក្រុម១៤ ភូមិផ្រារតូច សង្កាត់ទួលសង្កែ១ (ពាក់ព័ន្ធជួញដូរ) ទី២-ឈ្មោះ ដេត ចាន់ណារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់ជ្រោយចង្វារ (ពាក់ព័ន្ធប្រើប្រាស់) ទី៣-ឈ្មោះ ប្រាក់ មុន្នីរាជ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ (ពាក់ព័ន្ធប្រើប្រាស់) ទី៤-ឈ្មោះ គង់ ក្តាន់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ១ (ពាក់ព័ន្ធប្រើប្រាស់) ទី៥-ឈ្មោះ ហាក់ សុផល ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ (ពាក់ព័ន្ធប្រើប្រាស់)។

លោកអធិការនគរបាលខណ្ឌឬស្សីកែវដដែលរូបនេះ ក៍បានឲ្យដឹងផងដែរថា បន្ទាប់ពីបង្ក្រាបក្រុមជនសង្ស័យទាំង៨នាក់ ក្នុង៣គោលដៅ និង៣ករណីផ្សេងគ្នា រួមជាមួយវត្ថុតាងដែលដកហូតបានពីសកម្មភាព បាននិងកំពុងស្ថិតនៅក្រោមការឃុំខ្លួនសួចម្លើយនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីបន្តស៊ើបអង្កេតស្វែងរកចាប់ខ្លួនបក្ខពួកនៅសេសសល់ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕