(ភ្នំពេញ)៖ កម្ពុជាគ្រោងនឹងរៀបចំកម្មវិធីតាំងពិព័រណ៍ផលិតផល សម្រាប់ស្រ្ដីដំបូងគេបង្អស់នៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ដែលពិព័រណ៍សម្រាប់ស្រ្ដីនេះមានឈ្មោះថា «នារីសម័យថ្មី»។
ពិព័រណ៍ «នារីសម័យថ្មីនេះ» ជាព្រឹត្តិការណ៍លក់ផលិតផលម៉ាក់ល្បីៗ របស់ស្រ្ដីគ្រប់ប្រភេទ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ពិព័រណ៍នេះ បញ្ចុះនូវរាល់មុខទំនិញរហូតដល់៨០%ផងដែរ។
កញ្ញា ដែក ដារី អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន 360 Ads& Event បានឲ្យដឹងថា «នេះជាលើកដំបូង ដែលកម្ពុជារៀបចំពិព័រណ៍បែបស្រ្ដីនេះ ហើយពិព័រណ៍នេះ ក៏មានផលិតផលសម្រាប់ស្រ្ដីជាច្រើន»។
កញ្ញាបានបន្ដទៀតថា ពិព័រណ៍នេះរៀបចំឡើងសម្រាប់ស្រ្ដីមានអាយុចាប់ពី១៨-៥០ឆ្នាំ។ ពិព័រណ៍នេះរៀបចំឡើងដោយរំពឹងថា នឹងមានមនុស្សប្រមាណ២ម៉ឺននាក់ចូលរួម។
សូមជម្រាបថា ពិព័រណ៍ «នារីសម័យថ្មី» នេះ មានស្ដង់លក់ផលិតផលម៉ាកល្បីៗទាំងក្នុងស្រុក និងក្រៅស្រុក សរុបប្រមាណ៣០០ស្ដង់ ក្នុងនោះមានមានផលិតផលជាច្រើនដូចជា៖ សម្លៀកបំពាក់, គ្រឿងតុបតែងមុខ, គ្រឿងថែរក្សាសម្រស់, ផលិតផលកីឡា, សម្ភារៈផ្ទះបាយ, ផលិតផលកូនក្មេង, អាហារ និងភេសជ្ជៈ, អប់រំ, កម្សាន្ដ, ទេសចរណ៍ និងអចលនទ្រព្យ៕