(ភ្នំពេញ)៖ កញ្ញា យុង ខេមរា មន្រ្តីយោធាដែលបម្រើការងារនៅអង្គភាពកងពលតូចលេខ៧០ ចេញមុខបកស្រាយជូនសាធារណជនឲ្យបានជ្រាបថា Facebook របស់នាងត្រូវបានក្រុម Hacker ចូលគ្រប់គ្រងតាំងពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ដែលគិតរហូតដល់ពេលនេះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ មានរយៈពេលមួយសប្តាហ៍ហើយ។
តាមរយៈកិច្ចសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ កញ្ញា យុង ខេមរា ម្ចាស់ Facebook «Khemara Yung» បានអះអាងថា៖
«ក្រោយពី Facebook របស់នាងត្រូវបានក្រុមជនងងឹត Hack ហើយ ពួកគេបានកាន់កាប់អស់រយៈពេលមួយសប្តាហ៏ និងបានកែប្រែ Profile បុរសម្នាក់ផ្សេងទៅជាឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការ កងទ័ពជើងគោក និងជាកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងបានកែប្រែខ្លឹមសារនិងរូបភាពមួយចំនួន ដើម្បីបំផ្លាញកិត្តិយស របស់ឯកឧត្តម និងក្រុមគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែការពិតសារដែលខ្ញុំមានទំនាក់ទំនងឆ្លងឆ្លើយក្នុងលក្ខណៈឯកជនគឺរវាងខ្ញុំជាមួយនិងបុគ្គលផ្សេងទេ មិនមែនរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នោះទេ, ខ្ញុំជាមន្រ្តីយោធាផ្តល់ក្តីគោរព ឯកឧត្តម ហ៊ុន ម៉ាណែត ជាមេបញ្ជាការរបស់ខ្ញុំ មិនមែនដូចក្នុងវិដេអូបែកធ្លាយនោះទេ»។
ក្រុមជំនាញបច្ចេកវិទ្យា IT ដ៏ល្បីមួយក្រុមនៅកម្ពុជា បានឲ្យដឹងថា តាមការពិនិត្យមើលយ៉ាងលំអិតលើវិដេអូបែកធ្លាយនោះ មានចំណុចកាត់តយ៉ាងច្រើនកន្លែង ហើយពួកគេពិតមាន ជំនាញកាត់តយ៉ាងស្ទាត់ជំនាញ ដើម្បីបន្លំភ្នែកមហាជនទូទៅ។ ក្រុមជំនាញបច្ចេកវិទ្យាដដែលនោះបានបញ្ជាក់ថា ចំពោះ Profile រូបភាព ខ្លឹមសារ និងថ្ងៃខែ គឺងាយស្រួលនឹងប្តូរតាមចិត្តចង់របស់ក្រុម Hacker ណាស់៕