(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងមួយ ដោយពន្យល់អំពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ នៅក្នុងប្រទេសកម្ពុជា ដោយក្រសួងបញ្ជាក់ថា ការប្រែប្រួលតម្លៃនេះ ដោយសារតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ មានការកើតឡើង តាមបរិបទនយោបាយពិភពលោក ជាពិសេសការប្រឈមមុខ រវាងប្រទេសលោកខាងលិច និងប្រទេសផលិតប្រេងធំៗ។
ក្រសួងពន្យល់ថា ចាប់ពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៨ ប្រេងសាំងមួយធុង (បារ៉ែល) ចំណុះ១៥៦លីត្រ មិនទាន់បូកបញ្ចូលពន្ធ បានឡើងថ្លៃពី៨៦.៩៨ដុល្លារដល់៨៩.៥២ដុល្លារ ហើយប្រេងម៉ាស៊ូតចំណុះដូចគ្នា មិនទាន់បូកបញ្ចូលពន្ធបានឡើងថ្លៃពី៩២.១៧ដុល្លារ ដល់៩៦.៦៨ដុល្លារ។ តម្លៃប្រេងសាំងមិនទាន់គិតពន្ធ គឺថោកជាងប្រេងម៉ាស៊ូត។ ក្នុងការគណនាតម្លៃ គឺពន្ធលើប្រេងសាំង ត្រូវបានគិតខ្ពស់ជាងប្រេងម៉ាស៊ូត ទើបធ្វើឱ្យប្រេងសាំងលក់រាយ ថ្លៃជាងប្រេងម៉ាស៊ូត។
ក្រសួងបញ្ជាក់ទៀតថា តម្លៃប្រេងឥន្ធនៈនេះ នឹងត្រូវបញ្ចុះចំនួន៤សេន (១៦០រៀល) ក្នុង១លីត្រ នៅពេលលក់រាយតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា ក្រសួងពាណិជ្ជកម្មបានកំណត់តម្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី១ ដល់ ទី១៥ ខែតុលា ឆ្នាំ២០១៨ ដោយសាំងធម្មតាតម្លៃ ៤២០០រៀលក្នុង១លីត្រ និងម៉ាស៊ូត៤០០០រៀលក្នុង១លីត្រ៕